(ស៊ីដនី)៖ ប៉ូលិសនៅ​តែកំពុងស្វែង​រកតាមចាប់អ្នក​ទោស​ជាង៦០នាក់ ដែលបានរត់​គេចខ្លូនចេញ​ពីពន្ធនាគារ Bei-Ubi ស្ថិតនៅ​តំបន់ខ្ពង់​រាប​ភាគខាងត្បូង​នៃប្រទេសដី​កោះប៉ាពួញូហ្គីណេ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះបីជាការ​ហែកគុកខាងលើ​បានកើតឡើង​តាំងពីថ្ងៃសុក្រ​សប្តាហ៍មុន​ម៉្លេះនោះ មេបញ្ជាការ​នៃអង្គភាព​ប៉ូលិសភាពខាងលិច​នៃ​តំបន់ខ្ពង់​រាប​​ខាង​លើ​ លោក Kaiglo Ambane បានប្រាប់​សារព័ត៌មាន​ក្នុងតំបន់ The National ថា​កម្លាំងសមត្ថកិច្ច​ទើបតែបាន​ទទួលដំណឹងនេះ​នាថ្ងៃចន្ទ​ដើមសប្តាហ៍នេះ​ប៉ុណ្ណោះ និងបាន​ទទួលស្គាល់ថា​ តួលេខនៃចំនួន​ទណ្ឌិត​ដែលបានរត់គេចខ្លួន​ អាចច្រើនដល់​ទៅចំនួន​៨០នាក់​ឯណោះ។

ជុំវិញបញ្ហានេះ​លោក Kaiglo Ambane ពីមុនមក​ក៏ធ្លាប់បានលើកឡើង​ពីក្តីព្រួយបារម្ភ​របស់​លោក​ ចំពោះភាព​កកកុញ​នៅក្នុងប្រព័ន្ធ​ពន្ធនាគារ​ Bei-Ubi ផងដែរ។ លោក Ambane បាន​និយាយថា «ពន្ធនាគារនេះ​មានសមត្ថភាព​ក្នុងការផ្ទុកអ្នកទោស​បានចំនួន​១៥០នាក់ប៉ុន្តែ​ត្រូវបាន​បង្ខំ​ឲ្យផ្ទុកអ្នកទោស​ដល់ទៅចំនួន២១០នាក់​កាលពីសប្តាហ៍មុន នៅមុនពេល​ការហែកគុក​បានកើតឡើង​តែម្តង ហើយមួយវិញទៀត​នៅទីនោះ​​ក៏​បានជួប​ប្រទះភាពខ្វះខាត​នៃចំនួន​មន្រ្តីសន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​ក្នុងគុកថែម​ទៀតផង»

គួរបញ្ជាក់ថា​កាលពីឆ្នាំ២០១៦ មនុស្សចំនួន​១១នាក់ត្រូវបាន​បាញ់សម្លាប់ នៅពេល​ដែលអ្នកទោស​ចំនួន៧០នាក់​បានរត់គេចខ្លួន​​ពីពន្ធនាគារ​​ឈ្មោះ Buimo ហើយកាលពី​ខែមករាកន្លងទៅនេះ​ក៏មានការហែកគុក​ នៅពន្ធនាគារ​មួយកន្លែង​ផ្សេងទៀត​ឈ្មោះ Wewak ស្ថិតនៅតំបន់​ឆ្នេរ​ភាគខាងជើង​ប្រទេស​ប៉ាពួញូហ្គីណេ ជាមួយចំនួន​អ្នកទោសជាក់លាក់​ដែលបានរត់គេច​ខ្លួន​ ពុំត្រូវបានដឹងច្បាស់ឡើយ៕