(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិត​ជូនពរ​ជាផ្លូវការមកកាន់​ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង សម្រាប់ឱកាស​ឆ្នាំថ្មីប្រពៃណីចិន​​ដែលទើបកន្លងផុត​ទៅថ្មីៗនេះ ហើយ​ក្នុងនោះ​មេដឹកនាំថ្មីរបស់មហា​អំណាចលេខ១​លើពិភពលោករូបនេះ ក៏បានបញ្ជាក់​ពីការចង់បាន «ការអភិវឌ្ឍ​​ទំនាក់ទំនងប្រកប​ដោយផ្លែផ្កា» ដែលនឹងផ្តល់ផល​ប្រយោជន៍​​ដល់​ប្រទេស​ទាំងពីរ​ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយនៅ​មុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការផ្ញើលិខិតជូនពរ​លោកប្រធានាធិបតី​ចិន ពីសំណាក់ប្រធានាធិបតី​អាមេរិក​នេះដែរ បាន​ធ្វើឡើងអំឡុង​ពេលដែលមហាយក្ស​ទាំងពីរ កំពុងតែមាន​ភាពរកាំរកូស​ជាមួយគ្នាក្នុងរឿង​ជាច្រើនដូចជា បញ្ហាប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូង, ការរឹតបន្តឹងផ្នែកពាណិជ្ជកម្មរបស់អាមេរិកទៅលើចិន, ការបង្ហាញសញ្ញាគាំទ្រកោះតៃវ៉ាន់​ពីសំណាក់រដ្ឋបាលអាមេរិកថ្មី, និងការផ្លោងពាក្យសម្តី​ដាក់គ្នា​​រវាង​រដ្ឋាភិបាល​ទាំងពីរ​លើបញ្ហាសមុទ្រ​ចិនខាងត្បូងជាដើម។

សម្រាប់លិខិតជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី «ឆ្នាំមាន់មាសតាមប្រពៃណីចិន» នេះដែរលោក ត្រាំ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលបានផ្ញើលិខិតអបអរ​សាទរ​ចំពោះការឡើងកាន់តំណែងថ្មីរបស់ប្រធានធិបតីអាមេរិករូបនេះ កាលពីថ្ងៃទី២០ ខែមករា ផងដែរ។ ក្រសួងការបរទេសចិន ភ្លាមៗបែបនេះមិនទាន់ចេញសេចក្តីថ្លែងការណ៍​ណាមួយឆ្លើយ​តបនឹងលិខិត​របស់​មហាអំណាច​អាមេរិកនេះ​ឡើយ៕