(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក​​ដែលកំពុងពោរពេញ​ដោយការខ្វែងគំនិតគ្នា​ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅទីក្រុង​វ៉ាស៊ីនតោន) បាន​បោះ​ឆ្នោត​សម្រេចទទួល​ស្គាល់លោក Jeff Sessions ជាអគ្គរដ្ឋ​អាជ្ញាថ្មី​របស់​សហរដ្ឋអាមេរិក​ហើយ បន្ទាប់ពី​មានការប្រឆាំង​មួយ​ចំនួន​ពី​សំណាក់​សមាជិកបក្ស​ប្រជាធិបតេយ្យ​។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិចនា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Jeff Sessions ដែលបាន​បំពេញតួនាទី​អស់រយៈពេល​ពីរទសវត្សរ៍​ នៅក្នុងព្រឹទ្ធសភាជាតិ​ក្នុងនាមជា​អ្នកតំណាង​រាស្រ្តនៃរដ្ឋ Alabama ត្រូវបាន​ទទួលស្គាល់​ដោយសំឡេង​គាំទ្រ ៥២-៤៧សំឡេង​នៅក្រោយ​ពេលដែលក្រុម​បក្សប្រជាធិបតេយ្យ​ក៏ដូចជា​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ និងការ​ធ្វើ​អន្តោ​ប្រវេសន៍​បានបង្ហាញ​ពី​ក្តីភ័យព្រួយ​យ៉ាងខ្លាំង អំពីកំណត់ត្រា​របស់​លោក Sessions នៃគោលជំហរ​ដ៏ចម្រូងចម្រាស់​ពាក់​ព័ន្ធ​​ការ​រើស​អើង​​ពូជ​​សាសន៍ ការធ្វើ​អន្តោប្រវេសន៍ និងការធ្វើ​កំណែទម្រង់​ប្រព័ន្ធតុលារ​ព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា​នាពេលនេះ​លោក Jeff Sessions ចាប់ពីពេលនេះ​តទៅនឹង​មាននាទី​ទទួលបន្ទុក​មើលការ​ខុសត្រូវ​លើក្រសួង​យុត្តិធម៌​ និងបុគ្គលិក​ទាំង​១១៣,០០០នាក់​នៅទីនោះ ដោយរួមបញ្ចូល​ទាំងមេធាវី​អាមេរិក​ចំនួន​៩៣នាក់​ផងដែរ។ ម៉្យាងវិញ​ទៀតដោយ​លោក Sessions ទទួលបាន​សិទ្ធិពេញលេញ​ក្នុងការឡើង​កាន់តំណែង​ជាអគ្គរដ្ឋ​អាជ្ញា​អាមេរិក បេក្ខភាព​គណៈរដ្ឋមន្រ្តី​ចំនួន​០៨រូបហើយ នៅក្នុងចំណោម​​បុគ្គល​ទាំង​​២២រូប​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបាន​ព្រឹទ្ធសភាបោះឆ្នោត​ទទួលស្គាល់៕