(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានបាញ់សាកល្បង​មីស៊ីលជាថ្មី​ម្ដងទៀត ហើយដែល​ការបាញ់សាកល្បងនេះធ្វើឡើងមិនដល់​មួយសប្ដាហ៍​ស្រួលបួលផង បន្ទាប់ពី​សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម​ប្រឆាំងទីក្រុង​តេហេរ៉ង់ សម្រាប់ការសាកល្បង​មីស៊ីលផ្លោងនាពេលថ្មីៗនេះ ប៉ុន្តែទន្ទឹមគ្នានោះទាំងខាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ពុំទាន់ទទួលស្គាល់​ព័ត៌មាននេះ​នៅឡើយទេ។​ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ដកស្រង់ដោយ​សារព័ត៌មាន CGTN របស់ចិន និង Fox News នៅមុននេះបន្តិចនាព្រឹក​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមស្ថានីយ៍​ទូរទស្សន៍ Fox News ដោយស្រង់សម្ដី​ពីមន្រ្តីរដ្ឋាភិបាលអាមេរិក​ មីស៊ីលដែល​អ៊ីរ៉ង់​បាញ់សាកល្បង​ជាប្រភេទ​មីស៊ីល​រយៈខ្លី Mersad និងត្រូវបាន​បាញ់​ចេញពី​ខេត្ត Semnan ស្ថិតនៅចំងាយ២២៥គីឡូម៉ែត្រ​នៃភាគខាងកើត​ទីក្រុងតេហេរ៉ង់ ជាទីដែលអ៊ីរ៉ង់​ធ្លាប់បានបាញ់​សាកល្បងមីស៊ីល​ផ្លោងកាលពី​ថ្ងៃទី២៩ ខែមករា កន្លងទៅ។

គួររំលឹកថា​កាលពីថ្ងៃទី០៣ ខែកុម្ភៈ​កន្លងទៅសហរដ្ឋអាមេរិក​ទើបតែ​បានសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ថ្មីប្រឆាំងនឹង​ទីក្រុង​តេហេរ៉ង់ សម្រាប់​ការរំលោភ​លើសម្រេចក្ដី សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និងកិច្ចព្រមព្រៀម​នុយក្លេអ៊ែរ ជាមួយ​បណ្ដាប្រទេស​មហាអំណាចប្រាំបូកមួយ (សហរដ្ឋអាមេរិក​ ចិន រុស្ស៊ី អង់គ្លេស បារំាង និងអាល្លឺម៉ង់)។ នេះបើតាមព័ត៌មានពីមន្ត្រីរដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន៕