(ឡុងដ៍)៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បាន​ឱ្យដឹងថា​ លោកស្រីមិនរំពឹង​ឡើយ​ថា​ស្កុតឡេន នឹងរៀបចំការ​បោះឆ្នោត​ប្រជាមតិ​មួយស្ដីពី​ឯករាជ្យភាព​ពីចក្រភព​អង់គ្លេស​នោះឡើយ ខណៈគណបក្សជាតិ​ស្កុតឡេនកំពុងកាន់អំណាច ចាត់ទុកថា Brexit គឺជាមូលហេតុ​នៃការបោះឆ្នោត​លើប្រធានបទ​នេះ។ នេះបើតាមការ ចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០​៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរថ្លែងប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ អ្នកនាំពាក្យ​លោកស្រី Theresa May បានបញ្ជាក់ដូច្នេះថា «យើងមិនគិតឡើយថា វាចាំបាច់ត្រូវមាន​ការបោះឆ្នោតប្រជាមតិ​ជាលើកទី២ ស្ដីពីឯករាជ្យភាព​របស់​ស្កុតឡែន​ ពីព្រោះយើងធ្លាប់បាន​បោះឆ្នោតប្រជាមតិ Brexit ម្ដងរួចមកហើយ។ ចំណែកឯ​លទ្ធផលក៏ច្បាស់លាស់ និងជាការ​សម្រេចចិត្ត​ដ៏ស្របច្បាប់​ផងដែរ ហើយភាគី​នីមួយៗ សុទ្ធតែ​បានទទួលយក និងទទួលស្គាល់​លទ្ធផលនៃ​ការបោះឆ្នោត​ប្រជាមតិនេះ»

ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានស្កុតឡែន The Courier & Advertiser បានរាយការណ៍​ថា ប្រមុខរដ្ឋាភិបាល​អង់គ្លេសបច្ចុប្បន្ន កំពុងគិតថា​នាយករដ្ឋមន្ត្រីស្កុតឡែន លោកស្រី Nicola Sturgeon អាចនឹង​ស្នើឱ្យមានការបោះឆ្នោត​ប្រជាមតិស្ដីពី​ឯករាជ្យពីទីក្រុងឡុងដ៍ នៅរយៈពេលពីរសប្ដាហ៍​ខាងមុខ​ទៀតនេះ៕