(ឡុងដ៏)៖ ​មូលនិធិអន្តរជាតិ Varkey Foundation បានឱ្យដឹងថា «សុខភាពផ្លូវចិត្ត» របស់យុវជន​អង់គ្លេស​មួយចំនួនធំ ស្ថិតនៅក្នុងកំរិត​មួយដ៏ទាប ខណៈយុវជន​អង់គ្លេសតែ​១៥ភាគរយ​ប៉ុណ្ណោះ និយាយថា​ពួកគេបានដេកគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ។​ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវ​របស់ Varkey Foundation គឺធ្វើឡើង​ដោយផ្អែកទៅលើ​ការវិភាគអាកប្បកិរិយា​នៃយុវជន​មានអាយុចន្លោះ​ពី១៥ ដល់២០ឆ្នាំ ក្នុងបណ្ដា​ប្រទេសចំនួន២០ តាមរយៈ​ការពិនិត្យ​លើកំរិត សុទិដ្ឋិនិយម ទំនុកចិត្ត និងអារម្មណ៍​នៃក្ដី​ស្រឡាញ់។ បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវ​ដដែល ក៏បានបង្ហាញដែរ​ថា​ជប៉ុន ជាប្រទេស​តែមួយគត់​ដែលមានកំរិត​សុខមាលភាព​ផ្លូវចិត្ត​ទាបជាង​អង់គ្លេស ខណៈ​កូរ៉េខាងត្បូងត្រូវបាន​គេចាត់ទុកថា​ជាប្រទេសតែ​មួយគត់ ដែល​មានយុវជនមិន​ចូលចិត្តធ្វើសកម្មភាពអ្វី​សោះ​នៅកន្លែង​ពួកគេរស់​នៅ។

​គួរបញ្ជាក់ថា Varkey Foundation បានធ្វើការសិក្សាស្រាវជ្រាវ​លើយុវជន​ជាង ២០,០០០នាក់ នៅក្នុងប្រទេស​ចំនួន២០ ក្នុងនោះរួមមាន អង់គ្លេស សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ឥណ្ឌា ចិន អាហ្សង់ទីន ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េខាងត្បូងជាដើម៕