(ហាណូយ)៖ តុលាការវៀតណាមនៅក្នុងទីក្រុងហាណូយបានឲ្យដឹងថា​នឹងកាត់ទោសជនជាតិ​ជប៉ុនចំនួន​ពីររូប​ដែលបានលួច​រត់ពន្ធរូបបដិមា​ធ្វើអំពីមាសចំនួន០៧ ដែលត្រូវបាន​ប៉ូលិសចាប់បាន​នៅក្នុងអាកាស​យានដ្ឋាន​អន្តរជាតិ Noi Bai នៃទីក្រុង​ហាណូយ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​​ព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមច្បាប់​របស់ប្រទេស​វៀតណាម បុរសជប៉ុនទាំងពីរ​រូបខាងលើនេះ នឹងអាចជាប់​ពន្ធនាគារ​​រយៈពេល ២០ឆ្នាំ ឬក៏អាច​មួយជីវិត។ បុរសទាំងពីរ​រូបនេះ​មានចំណង​ទិញផលិតផល​ធ្វើពីមាស​នៅប្រទេស​​វៀតណាម យកទៅលក់​នៅប្រទេសជប៉ុនវិញ​ដើម្បីទទួលបាន​ផលកម្រៃខ្ពស់។ គួរបញ្ជាក់ថា​រូបចម្លាក់មាសខាងលើនេះ​មានទម្ងន់ជិត ៧គីឡូក្រាម និងមានតម្លៃប្រមាណជាង ៣សែនដុល្លារអាមេរិក ដែលត្រូវបានអាជ្ញាធររឹបអូស ដើម្បីយកទៅធ្វើការ​ស៊ើបអង្កេត៕