(សេអ៊ូល)៖ ក្រុមហ៊ុន​កូរ៉េខាងត្បូង Lotte Group បានឱ្យដឹងថា អាជ្ញាធរចិនបានសម្រេច​ចិត្តបញ្ឈប់​គំរោងសាងសង់​អចលនទ្រព្យ ដែលមាន​តម្លៃរាប់ពាន់​លានដុល្លារ នៅឯភាគ​ឦសាន​ទីក្រុង Shenyang ​បន្ទាប់ពី​ការចុះធ្វើ​អធិការកិច្ច ក៏ប៉ុន្តែព្រមពេលជា​មួយគ្នានោះ អ្នកនាំ​ពាក្យក្រុមហ៊ុន​កូរ៉េខាងត្បូងមួយនេះ បានបដិសេធ​មិនធ្វើការអាត្ថាធិប្បាយ​ចំពោះចេតនា​ពិតប្រាកដរបស់​អាជ្ញាធរចិនឡើយ ខណៈទីក្រុង​សេអ៊ូល និងទីក្រុង​ប៉េកាំង កំពុងមាន​ភាពរកាំរកូសនឹងគ្នា​ដោយសារគំរោង​តម្លើងប្រព័ន្ធ​ខែលការពារ​មីស៊ីល​អាមេរិក THAAD លើ​ឧបទ្វីបកូរ៉េ​។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។​

ជុំវិញបញ្ហាដែរបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​កូរ៉េខាងត្បូង ការចុះធ្វើអធិការ​កិច្ចក្រុមហ៊ុន Lotte Group របស់អាជ្ញាធរ​ចិនធ្វើឡើងដើម្បីជាការឆ្លើយ​តបទៅការ​សម្រេចចិត្ត ដាក់ពង្រាយ THAAD​ លើទីលាន​វាយកូន​ហ្គោលមួយកន្លែង​ក្នុងប្រទេស​កូរ៉េខាងត្បូង ដែលជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន Lotte។ លើសពីនេះ​ទៅទៀត ចាប់តាំង​ពីខែធ្នូ ឆ្នាំ ២០១៦មក អាជ្ញាធរចិន​បានដឹកនាំ​ការធ្វើអធិការ​កិច្ចជា​បន្តបន្ទាប់ ឬក៏បើក​ការស៊ើបអង្កេត​លើការបង់ពន្ធ​របស់ក្រុមហ៊ុន Lotte​ ក្នុងប្រទេសចិន​ក្នុងនោះ​រួមមានទាំង ផ្សារទំនើបចំនួន​១២០កន្លែងផងដែរ។

គួរបញ្ជាក់ថា​យោងតាម​ក្រុមហ៊ុន Lotte Group ការសម្រេច​ចិត្តបញ្ឈប់​គំរោងសាង​របស់ខ្លួន កើតឡើង​កាលពី​ខែធ្នូ កន្លងទៅ។ គំរោង​សាងសង់​អចលនទ្រព្យ Lotte's Shenyang project គឺគ្រប់​ដណ្ដប់​លើ​ផ្ទៃដី១.៤៥លានគីឡូម៉ែត្រក្រឡា ដោយផ្ដោត​សំខាន់លើ​ការសាងសង់​ផ្សារ​ទំនើប លំនៅឋាន និងសាល​សិល្បៈភាពយន្ដ​ជាដើម ៕