(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​គួរតែបើកមើលសៀវភៅ​ប្រវត្តិសាស្រ្ត​ឡើងវិញ ស្ដីពីតំបន់​សមុទ្រ​ចិនខាងត្បូង ត្បិតកិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាមលោក​លើកទី២ បានចែង​យ៉ាងច្បាស់​ថា ទឹកដី​របស់ចិន​ទាំងអស់​ដែលធ្លាប់ត្រូវ​ជប៉ុនគ្រប់គ្រង ត្រូវបានប្រគល់​ត្រឡប់មកឱ្យ​ចិនវិញ។ នេះបើតាមសម្ដី​របស់រដ្ឋមន្ត្រី​ការបរទេសចិន ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ​ ឆ្នាំ២០១៧។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង​បានស្គាល់ភាពតានតឹង​ជាថ្មី បន្ទាប់ពី​មានកិច្ចសន្ទនា​តាមទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​កោះតៃវ៉ាន់​ ព្រមទំាង​ការអាត្ថាធិប្បាយ​ជាច្រើនពាក់ព័ន្ធ​នឹង​សមុទ្រចិន​ខាងត្បូង។ ជាក់ស្ដែង​នៅចំពោះមុខ​ព្រឹទ្ធសភា រដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី លោក រិច ធីល្លឺសុន បាននិយាយចំៗ​ថា ចិនមិនគួរ​ត្រូវបាន​អនុញ្ញាត​ឱ្យចូលទៅកាន់​តំបន់​ជម្លោះ ដែលខ្លួនបាន​សាងសង់កោះ​សប្បនិម្មិតនោះទេ ហើយថា​សហរដ្ឋអាមេរិកនឹងការពារ​ដែនដី​អន្តរជាតិនៅ​ក្នុងយុទ្ធសាស្ត្រសន្តិសុខ​ផ្លូវទឹក។

ជាងនេះ​ទៅទៀត​កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែម ម៉ាតទីស ក៏បានគូស​បញ្ជាក់ដែរថាយន្ដការការទូត គួរតែក្លាយជា​អាទិភាព​នៅក្នុងតំបន់សមុទ្រ​ចិនខាងត្បូង។

ទោះបីជាយ៉ាងនេះក្ដី​ថ្លែងនៅក្នុងឱកាស​នៃដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបទេសចិន លោក វ៉ាង យ៉ី បានលើកឡើងថា «លោកមានយោបល់មួយ​សម្រាប់​សហរដ្ឋអាមេរិកនោះគឺទីក្រុង​វ៉ាស៊ីនតោន គួរតែបើកមើល​សៀវភៅ​ប្រវត្តិសាស្រ្ត ឡើងវិញ​ទាក់ទិន​នឹង​សង្រ្គាមលោក​លើកទី២​ និយាយ​អំពីសេចក្ដីថ្លែងការណ៍​ទីក្រុងគែរ ឆ្នាំ១៩៤៣ និងសេចក្ដី​ថ្លែងការណ៍​ទីក្រុង​ពុតស្ដាំ (Potsdam) ឆ្នាំ១៩៤៥ ដែលតាមនោះ ជប៉ុនត្រូវ​ប្រគល់​ដែនដីខ្លួន​គ្រប់គ្រង ដោយខុសច្បាប់ត្រឡប់មកឱ្យចិនវិញ ក្នុងនោះរួមមាន​ទំាងទីប្រជុំកោះ Nansha ឬ Spratly»

គួរបញ្ជាក់ថាបើតាមលោករដ្ឋមន្ត្រី​ការបរទេសចិន នៅឆ្នាំ១៩៤៦ រដ្ឋាភិបាលចិនដោយមាន​ជំនួយពី​សហរដ្ឋអាមេរិក និងអនុឡោម​តាមច្បាប់​អន្តរជាតិ បានយក​ទីប្រជុំកោះ Spratly និងតំបន់​ថ្មប៉ប្រះទឹក​ដែលជប៉ុនគ្រប់គ្រង​មកវិញ និងបានអនុវត្តន៍​សិទ្ធិអធិបតេយ្យភាព​ជាថ្មីផងដែរ។ ប្រទេសជាភាគី​ជម្លោះជាមួយ​ចិននៅសមុទ្រចិន​ខាងត្បូងមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់៕