(ញូយ៉ក)៖ ប្រមុខការទូតអឺរ៉ុប និងយូអិន​បានថ្កោលទោស​ក៏ដូចជារិះគន់​យ៉ាងខ្លាំង​លើ​អ៊ីស្រាអ៊ែល សម្រាប់​សកម្មភាព​គគ្លើន​​ជុំវិញ​ការអនុម័ត​ច្បាប់​អនុញ្ញាត​ឱ្យសាងសង់លំនៅឋាន បែបអាណានិគមបន្ថែម​នៅលើ​ដែនដី​ប៉ាឡេស្ទីនក្នុងតំបន់ West Bank​ ហើយដែលការសម្រេចចិត្តបែបនេះគឺ​ជាសកម្មភាព​ដ៏គ្រោះថ្នាក់​ និងផ្ទុយទាំងស្រុងពីច្បាប់​​អន្តរជាតិ។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ​​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមប្រមុខការទូតអឺរ៉ុប លោកស្រី Federica Mogherini ច្បាប់ដែលសភាអ៊ីស្រាអែល​បានអនុម័ត បើសិនជាត្រូវបាន អនុវត្តន៍នោះ វានឹងក្លាយជាគ្រោះថ្នាក់មួយ ត្បិត​ការធ្វើអាណានិគម​​គឺជាឧបសគ្គ​រារាំងដល់ការស្វែងរកសន្តិភាព និងគំរាមកំហែង យ៉ាងខ្លំាង​ដល់លទ្ធភាព​ជោគជ័យនៃដំណោះស្រាយរដ្ឋពីរ (ប៉ាឡេស្ទីន និងអ៊ីស្រាអែល) ។

ម្យ៉ាងវិញទៀតច្បាប់នេះ​ផ្ទុយទាំងស្រុង​ពីច្បាប់អន្តរជាតិ ហើយវា​មិនអាច​ជួយអ្វីបាន​នោះទេ ក្រៅតែពីបង្កឱ្យជម្លោះ​កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។ បន្ថែមជុំវិញច្បាប់ដ៏ចម្រូង​ចម្រាស់នេះដែរ អគ្គលេខាធិការ​យូអិន លោក Antonio Guterres បានចាត់ទុកថា​ច្បាប់ថ្មីនេះ ជាទង្វើ​ប្រឆាំងនឹងច្បាប់​អន្តរជាតិ និងអាចផ្ដល់ផល​វិបាកដល់អ៊ីស្រាអែលនៅថ្ងៃណាមួយជាមិនខាន។

គួរបញ្ជាក់ថាសភាអ៊ីស្រាអែល បានអនុម័តលើច្បាប់ពង្រីក​អាណានិគមបន្ថែម លើដែនដី​ប៉ាឡេស្ទីន តែពីរសប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក ខណៈបើតាម​ច្បាប់ថ្មីនេះ អ៊ីស្រាអែល​គ្រោងនឹងសាងសង់លំនៅឋានអាណានិគម​បន្ថែមជាង ៤,០០០ខ្នង នៅលើដែនដី West Bank របស់ប៉ាឡេស្ទីន៕