(អាំម៉ាន់)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បាននិយាយទៅកាន់ក្រុមអ្នករាយការណ៍​ព័ត៌មាននានាថា ការប្តេជ្ញាប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ​រដ្ឋអ៊ីស្លាម ISIS ពីសំណាក់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងការសន្យាថា​នឹងកាត់ផ្តាច់ជំនួយ​ទៅក្រុមឧទ្ទាម​ប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលអាច​ឈានទៅ​រកការគាំទ្រ​រដ្ឋាភិបាលស៊ីរី​ប្រឆាំងនឹងក្រុម ISIS ដែរនោះ គឺមិនទាន់​អាចសន្និដ្ឋានថា នឹងក្លាយ​ទៅជាការពិតនោះ​ឡើយ ដោយគេត្រូវ​រង់ចាំមើល​ដំណើរមួយ​ជំហានៗសិន។ នេះបើតាម​ការដកស្រង់​ការផ្សាយពី​សារព័ត៌មាន Channel News Asia នារសៀល​ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​វាមិនមែន​ជារឿងថ្មី​នោះទេដែលថា លោក ដូណាល់ ត្រាំ នឹងព្យាយាម​ស្វែងរក​កិច្ចសហ​ប្រតិបត្តិការ​ដើម្បីកម្ចាត់​ក្រុមរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែ​សម្រាប់ការ​កាត់ផ្តាច់​ជំនួយទៅ​ក្រុមប្រឆាំង​រដ្ឋាភិបាលស៊ីរី និងការងាក​ទៅសហការ​លើការប្រយុទ្ធ​ប្រឆាំងក្រុម ISIS ជាមួយ​រដ្ឋាភិបាល​ស៊ីរី ទើបជារឿង​ដែលពិបាក នឹងអាច​កើតឡើង ដោយសារ​តែសហរដ្ឋអាមេរិក​មានជំហររឹងមាំ​រួចមកហើយ ក្នុងការទម្លាក់​របប​ផ្តាច់ការ ឬរបប​ដែលប្រទេស​សម្ព័ន្ធមិត្តអាមេរិកនានាចង់ទម្លាក់ ដូចជានៅស៊ីរីនេះឯង។

ទោះបីជាបែបនេះក្តីលោក អាស្សាដ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថាវាគ្រាន់តែជាពាក្យសន្យា ប៉ុន្តែយើង​ត្រូវតែរង់ចាំ ហើយវាលឿនពេក​ហើយក្នុងរំពឹងថា​វានឹងកើតឡើង​នោះ»។ បន្ថែមពីនេះ​ប្រធានាធិបតី​ស៊ីរី ដែលបាន​ត្រដាបត្រដួស​នឹងសង្គ្រាម០៦ឆ្នាំមកហើយរូបនេះ ក៏បានបង្ហាញ​សុទិដ្ឋិនិយម​ផងដែរ​ចំពោះកិច្ច​សហប្រតិបត្តិការ ដែលអាចនឹង​កើតមានឡើងរវាងរុស្ស៊ី-អាមេរិក ថាពិតជា​ជំហានដ៏​វិជ្ជមាន​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងពួកភេរវករ៕