(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លំាង​លើរដ្ឋបាល​លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹង​ការអាត្ថាធិប្បាយ​ជុំវិញកម្មវិធី​មីស៊ីល និងថែមទាំង​បានព្រមានដល់បណ្ដារដ្ឋ ឬប្រទេសដទៃ កុំលូកដៃចូល​ក្នុងកិច្ចការ​ផ្ទៃក្នុងរបស់ខ្លួនទៀតផង។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០១៧។

កាលពីថ្ងៃសុក្រ​កន្លងទៅ​ទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងប្រធាន​សភាអាមេរិក លោក Paul Ryan បានថ្កោលទោស​ក៏ដូចជាចោទ​ប្រកាន់អ៊ីរ៉ង់ថា បានគំាទ្រ​ដល់ក្រុម​ភេរវករ។ ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Bahram Qassemi នៅចំពោះ​មុខអ្នក​សារព័ត៌មាន បានលើក​ឡើងថា «អ៊ីរ៉ង់បានត្រៀម​ខ្លួនរួច​ជានិច្ច ដើម្បីការពារ​កម្មវិធីមីស៊ីល ជាមួយនឹង​ការប្រើប្រាស់​កម្លំាងគ្រប់​មធ្យោបាយទាំងអស់​ ប្រឈមមុខ​នឹងគោល​នយោបាយ​អន្តរាគមន៍និយម​ពីសំណាក់​បណ្ដារដ្ឋ​ដទៃទៀត...រឿងផល​ប្រយោជន៍​របស់អ៊ីរ៉ង់ គឺយើងជា​អ្នកសម្រេច​ចិត្តដោយ​ខ្លួនឯង មិនចាំបាច់​ទៅប្រឹក្សា ឬសួរយោបល់​ពីនរណាម្នាក់​នោះទេ»។​

គួរបញ្ជាក់ថាភាពតានតឹង​និងសង្រ្គាមពាក្យសម្ដី រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​បានចាប់កក្រើក​ឡើងវិញ ក្រោយពេល​រដ្ឋបាលលោក​ ដូណាល់ ត្រាំ បានដាក់ចេញបញ្ជា​ប្រធានាធិបតី ហាមឃាត់​ប្រជាជនអ៊ីរ៉ង់ និងប្រជាជន​មកពី​បណ្ដាប្រទេស​មូស្លីមចំនួន០៦ ផ្សេងទៀត​មិនឱ្យចូល​សហរដ្ឋអាមេរិក ព្រមទាំង​​ការ​បាញ់សាកល្បងមីស៊ីលផ្លោង​ពីសំណាក់ទីក្រុង​តេហេរ៉ង់ កាលពីថ្ងៃទី២៩ ខែមករា។ បន្ថែមពី​លើនេះ ប្រទេសទំាងពីរ​រឹតតែមើលមុខគ្នាលែងចំ​បន្ទាប់ពីរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ​James Mattis បាននិយាយជា​សាធារណៈថា អ៊ីរ៉ង់ជារដ្ឋគំាទ្រ​ក្រុមភេរវករនៅអំឡុង​ដំណើរ​ទស្សនកិច្ចក្នុង​ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍​កន្លងទៅ៕