(ហ្សាការតា)៖ ភ្នំភ្លើង​ស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុង​ខេត្ត​ស៊ូម៉ាត្រា​ខាងជើង (North Sumatra) នៃប៉ែកខាងលិច​ប្រទេសឥណ្ឌូណេស៊ី​ បានបន្តផ្ទុះឡើង​យ៉ាងក្តៅគគុក​មកទល់រសៀល​ថ្ងៃអង្គារនេះ​ និងបានជះកម្អែលផេះដ៏​សន្ធោសន្ធៅឡើងទៅលើអាកាសកម្ពស់ជាងពីរគីឡូ​ម៉ែត្រ​​។ នេះបើ​តាម​​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី កម្ទេច​ផះ​​ខាង​លើ​​បាន​ភាយ និង​​រសាត់​អណ្តែត​ទៅកាន់​ភាគកើត ខណៈកម្អែល​ភ្នំភ្លើង​ដ៏សែនក្តៅ​បានហូរ​ឆ្ពោះទៅ​ភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគ​ខាង​កើត​ពី​មាត់​ភ្នំ​ភ្លើង ក្នុងចម្ងាយ​រហូត​ដល់ពីរ​គីឡូម៉ែត្រ ហើយអ្នកភូមិ​ដែលរស់នៅ​តាមដងទន្លេ​ជាមួយខ្សែ​ទឹកហូរ​នៅក្នុងជម្រាល​ភ្នំស៊ីណាប៊ុង ត្រូវ​បាន​​ព្រ​មាន​ឲ្យបង្កើនការ​ប្រុង​ប្រយ័ត្នខ្ពស់ជាប់និច្ច អំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីកម្អែល​ភ្នំភ្លើង។ ម៉្យាងវិញ​ទៀត​បណ្តា​ភ្ញៀវ​ទេសចរ​ និង​អ្នក​ភូមិ​​ត្រូវ​បាន​ហាម​ឃាត់​មិនឲ្យធ្វើដំណើរ​ចូលទៅកាន់​តំបន់ក្បែរនោះឡើយ។

គួរបញ្ជាក់ថា​ភ្នំស៊ីណាប៊ុង ដែលស្ថិតនៅក្នុង​ចំណោមភ្នំភ្លើង​ដ៏សកម្មនិងល្បីឈ្មោះ​ជាងគេបំផុតចំនួន​១២៩​របស់ឥណ្ឌូណេស៊ី បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​​កាល​ពី​ថ្ងៃ​ទី​០២ ខែកុម្ភៈសប្តាហ៍មុននេះ​​មក​ម្ល៉េះ ប៉ុន្តែ​មិន​​បាន​បង្ក​ឲ្យ​មាន​​ការ​ជម្លៀស​​ខ្លួន​ប្រជាជន​នោះឡើយ៕