(រីយ៉ូ)៖ រដ្ឋាភិបាល​ប្រេស៊ីលបានបញ្ជូន​កងកម្លាំង​ចំនួន១,២០០នាក់ ទៅកាន់រដ្ឋមួយ​នៅតំបន់ឆ្នេរ ភាគខាង​ត្បូងឈៀងខាង​កើតប្រទេស​ដើម្បី​ការពារ​សន្តិសុខ​ និងសុវត្ថិភាពបន្ទាប់ពីមាន​ការខ្វះខាត​កម្លាំង​ដោយសារតែការ​ធ្វើបាតុកម្ម​របស់​ក្រុមគ្រួសារ​​នៃមន្រ្តីប៉ូលិស និង​យោធា​នៅទីនោះ។ នេះបើតាមការ​ចេញ​ផ្សាយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

កម្លាំងសរុប​រួមមានកងកម្លាំងទ័ពចំនួន១,០០០នាក់ និងសមាជិកកង​ការពារជាតិ​ចំនួន២០០នាក់ នឹងត្រូវធ្វើ​ការយាមល្បាត​តាមដងផ្លូវ​​នៅ​​ក្នុងរដ្ឋ Espirito Santo ភាគអាគ្នេយ៍​នៃប្រទេស បន្ទាប់ពី​ក្រុមគ្រួសាររបស់មន្រ្តី​ប៉ូលិស-យោធា​កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន បានចាប់​ផ្តើម​រួមគ្នាធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការទទួលបានប្រាក់​បៀវត្សរ៍ដ៏ទាបសម្រាប់​មន្រ្តីទាំងអស់នោះ។ ពួកគេបាន​បិទច្រកចេញ-ចូល​នៃទីស្នាក់ការ​​ប៉ូលិស ហើយនិងរារាំង​មិនឲ្យមន្រ្តីប៉ូលិស​ចាកចេញ​ឡើយ។

ដោយសារតែ​អវត្តមាន​នៃកម្លាំង​ប៉ូលិស​យោធា​ដែលដើរតួនាទី​យ៉ាងសំខាន់​ក្នុងការថែរក្សា​សណ្តាប់ធ្នាប់​ ក៏ដូចជា​សន្តិសុខ​សាធារណៈ អំពើ​ហិង្សា​បានផ្ទុះឡើង​នៅក្នុងកម្រិត​ដ៏ខ្លាំងក្លា ដោយ​នៅអំឡុង​ចុងសប្តាហ៍មុន​នេះ​មនុស្សដល់ទៅ​៦២នាក់ ត្រូវបាន​សម្លាប់​នៅក្នុងទីក្រុង Vitoria និងតំបន់​ប្រជុំជនមួយ​ចំនួន​ទៀត នៃរដ្ឋ Espirito Santo។

គួរបញ្ជាក់ថា​នៅក្នុងប្រទេស​ប្រេស៊ីល កងកម្លាំងប៉ូលិស​ស្ថិតក្រោមរដ្ឋបាល​គ្រប់គ្រងរបស់រដ្ឋ​នីមួយៗ ដោយមន្រ្តី​ប៉ូលិសស៊ីវិលទទួល​បន្ទុក​ធ្វើ​ការ​​សួរចម្លើយ​និងការស៊ើបអង្កេត​ផ្សេងៗ ខណៈមន្រ្តីប៉ូលិសនិង​យោធារួមមានតួនាទី​រក្សា​សន្តិសុខ៕