(វ៉ាស៊ីនតោន)៖ អតីតប្រធាន​នៃក្រុមចរចាកម្មវិធី​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ជាមួយកូរ៉េខាងជើង​ បានឲ្យដឹងថា រូបលោក​ធ្លាប់​បានធ្វើ​ការ​ណែ​នាំ​ដល់មន្រ្តីទូត​មកពីទីក្រុង​ព្យុងយ៉ាង មិនឲ្យទទួល​ស្វាគមន៍​រដ្ឋបាលអាមេរិកថ្មី ដោយការបាញ់​ធ្វើតេស្តមីស៊ីល ឬក៏ការបំផ្ទុះ​សាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ឡើយ នៅពេល​ដែលលោក​បានជួបជាមួយ​ពួកគេ នៅឯប្រទេសម៉ាឡេស៊ី​កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ។ នេះ​បើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Robert Gallucci  ដែលបានធ្វើ​ការចរចា​លើកិច្ចព្រមព្រៀង​បង្កក​កម្មវិធីនុយក្លេអ៊ែរ​ឆ្នាំ១៩៩៤ ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង បាន​បើក​កិច្ច​​ជួប​ពិភាក្សា​គ្នា​នៅក្នុងទីក្រុង​គូឡាឡាំពួរ​ កាលពីថ្ងៃ​ទី២១-២២ ខែតុលា ឆ្នាំ២០១៦ ជាមួយក្រុម​មន្រ្តីទូតជាន់ខ្ពស់​មកពីប្រទេស​កូរ៉េខាងជើង រួមមានទាំង​អនុរដ្ឋមន្រ្តី​ការបរទេស​លោក Han Song-Ryol និងឯកអគ្គរដ្ឋ​ទូតរងប្រចាំ​អង្គការសហប្រជាជាតិ​លោក Jang Il-Hun ផងដែរ។

លោក Gallucci បាននិយាយដូច្នេះថា «នៅពេលដែល​បានខ្ញុំបានជួប​ជាមួយ​អ្នកតំណាង​របស់កូរ៉េខាងជើង​ ក្នុងកិច្ចពិភាក្សា Track II នៅទីក្រុង​​គូឡាឡាំពួរ ខ្ញុំបានឆ្លៀត​ឱកាសនោះ​ធ្វើការណែនាំ​ដល់មន្រ្តី​ទាំងអស់​នោះ​ថា ពួកគេគួរ​ជៀសវាង​ការស្វាគមន៍​ដល់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីន​តោន​ថ្មី ​ជាមួយ​ការបាញ់មីស៊ីល​ផ្លោង​ ឬការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​ថ្មីបន្ថែមទៀត រួមទាំង​សកម្មភាព​បង្ករឿងណាមួយ​សំដៅរក​​សហរដ្ឋ​អាមេរិក ឬប្រទេស​ជាសម្ព័ន្ធមិត្តរបស់​អាមេរិកនោះ​ឡើយ»

លោក Gallucci បានបន្ថែមថា «កាលនោះខ្ញុំ​បានលើកឡើងថា​ អ្នកណា​ក៏ដោយ​ដែលក្លាយជា​ប្រធានាធិបតីថ្មីនៃ​សហរដ្ឋអាមេរិក ពួកគេនឹង​មិនពេញ​ចិត្តចំពោះ​ការស្វាគមន៍​បែបនេះឡើយ ហើយប្រាកដ​ណាស់​ពួកគេនឹង​ចាត់វិធានការ​ក្តៅឆ្លើយតប​ទៅវិញ ដោយ​មិនងាក​​​ទៅ​រក​ការ​ចរ​ចា​គ្នា​នោះទេ»។ ជាការឆ្លើយ​តបទៅក្រុមមន្រ្តី​ទូតកូរ៉េខាងជើង​បាននិយាយថា​ ប្រទេស​កុម្មុយនិស្ត​របស់ពួកគេ នឹងមាន​ប្រតិកម្ម​មិនខុសគ្នា ប្រសិន​បើ​រដ្ឋបាលអាមេរិក​ថ្មី ភ្លាមៗសម្រេច​ធ្វើការដាក់ទណ្ឌ​កម្មបន្ថែម ឬបង្កសកម្មភាព​ញុះញង់​ណាមួយ នៅក្នុងទម្រង់​ជាសមយុទ្ធយោធា​រួមជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តាំងតែពីលោក ដូណាល់ ត្រាំ បានទទួល​ជ័យជម្នះ​លើគូប្រជែង​គឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​អាមេរិក​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ រហូតដល់​ពេលរូបលោក​បានស្បថ​ចូលកាន់តំណែង​ជាផ្លូវការ​ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០១៧នេះ កូរ៉េខាងជើង​មិនបាន​បង្កសកម្មភាព​ញុះញង់ណាមួយនៅឡើយទេ៕