(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក​ដែលជាសេនាធិការ​ នៃរដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន បានចេញ​មុខ​គាំទ្រ និងការពារយ៉ាងពេញទំហឹងចំពោះ បទបញ្ជាប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់​ជនភៀសខ្លួន និងប្រជាជន​មកពីបណ្ដាប្រទេស​មូស្លីមភាគច្រើនចំនួន០៧ ចូលក្នុង​សហរដ្ឋ​អាមេរិក ខណៈបទបញ្ជានេះកំពុងជាប់គាំង​បន្ទាប់ពីតុលាការកំពូលជំទាស់។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

សម្រាប់ក្រសួងយុត្តិធម៌​អាមេរិក បទបញ្ជារបស់លោក ត្រាំ គឺជាការអនុត្តន៍​ដោយស្របច្បាប់​នៃអំណាច​ប្រធានាធិបតី ហើយវាក៏មិនមែន​មានគោលដៅតែទៅលើ​ជនមូស្លីម (អ្នកកាន់សាសនាអ៊ីស្លាម) នោះដែរ ក៏ប៉ុន្តែវាជាបុព្វហេតុ​នៃសន្តិសុខជាតិសុទ្ធសាធ។ ដូច្នេះសាលាឧទ្ធរណ៍​គួរតែសម្រេច​ឱ្យ​ដំណើរការ​បទបញ្ជានេះឡើងវិញ។ ប្រជាជនមក​ពីប្រទេស​មូស្លីម​ដែលជាប់បម្រាមមាន​ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន។

គួរបញ្ជាក់ថា ​រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់​ពាក្យបណ្ដឹង​​ឧទ្ធរណ៍រួចហើយដែរ ទៅកាន់​សាលាឧទ្ធរណ៍​នៃទីក្រុង San Francisco ដើម្បី​ប្ដឹងជំទាស់​នឹងចៅក្រមសហព័ន្ធ​​ម្នាក់​ក្នុងទីក្រុង​វ៉ាស៊ីនតោន ដែលបាន​រាំងខ្ទប់បទបញ្ជា​របស់លោក ត្រាំ ក្រោមហេតុផល​ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ដោយឡែក​នៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅក្នុង​ទីក្រុងវ៉ាស៊ីនតោន) សវនាការស្ដាប់នឹងត្រូវធ្វើឡើង​ដើម្បីកំណត់ថា​តើគួរតែគំាទ្រ ឬក៏ជំទាស់​នឹងបទបញ្ជាប្រធានាធិបតីនេះ៕