(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុង Moscow របស់រុស្ស៊ី បានបង្ហាញការសោកស្តាយចំពោះការដាក់ទណ្ឌកម្មថ្មី ដោយសហរដ្ឋអាមេរិក លើអ៊ីរ៉ង់ក្រោយពីការបាញ់ សាកល្បងគ្រាប់មីស៊ីល នាពេលចុងក្រោយថ្មីៗនេះ។ នេះបើតាមការលើកឡើងរបស់​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov ចុះផ្សាយដោយ សារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះមិនបានបំពានសេចក្តីសម្រេច នៃសកម្មភាពផែនការគ្រប់ជ្រុងជ្រោយរួមគ្នា ឬក៏សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជម្រុញឲ្យអ៊ីរ៉ង់ បោះចោលសកម្មភាពកម្មវិធីគ្រាប់នុយក្លេអ៊ែនោះទេ។ នេះបើតាមសម្តីលោក Ryabkov លោកបន្ថែមយ៉ាងដូច្នេះ។

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុន និងបុគ្គលជាច្រើននាក់ ដែលបានពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Tehran របស់អ៊ីរ៉ង់ បានបាញ់សាកល្បងគ្រាប់មីស៊ីល រយៈចម្ងាយមធ្យមលើបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់របស់ខ្លួន កាលពីចុងខែមុន។

អ៉ីរ៉ង់ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលគាំទ្រធំមួយរបស់រុស្ស៊ី លើបញ្ហានៅតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងពីរ រួមនឹងតួកគី បានរួមគ្នា ដោះស្រាយបញ្ហានយោបាយ នៅប្រទេសស៊ីរី ដែលកំពុងមានសង្គ្រាមស៊ីវិល។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះដែរថា អ៉ីរ៉ង់ មិនមានទំនាក់ទំនងជាមួយ ក្រុមឧទ្ទាម ISIS ឬក្រុមឧទ្ទាមផ្សេងទៀតនោះទេ ដូចនេះអ៊ីរ៉ង់ គួរតែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕