(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះ បានជំរុញឱ្យស្ថានីយទូរទស្សន៍អាមេរិក Fox News ធ្វើការសុំទោសជាផ្លូវការ ចំពោះការដែល ពិធីករព័ត៌មានរបស់ខ្លួន បានហៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ឌីមៀ ពូទីន ថា ជាឃាតក នៅក្នុងអំឡុងបទសម្ភាសន៍ជាមួយប្រធានាធិបតី អាមេរិកលោក​ ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Channel News Asia នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (​Dmitry Peskov) បាននិយាយថា «យើងចាត់ទុកពាក្យ សម្ដីចេញពីមាត់ពិធីករទូរទស្សន៍ Fox News​ ​ជារឿងមិនអាចទទួលយកបាន និងមានចរិកឈ្លានពានទំាងសុ្រង ប៉ុន្តែយើងសង្ឃឹមថា អាចនឹងទទួលបានពាក្យសុំទោសទៅកាន់លោកប្រធានាធិបតី (លោកពូទីន) ក្នុងនាមជាស្ថានីយទូរទស្សន៍មួយដែលគួរឱ្យគោរព»

គួររំលឹកថា កាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយលោក ដូណាល់ ត្រាំ ពិធីករទូរទស្សន៍ Fox News​ លោក បៀល អូរៃលី (Bill O’Reilly) បានលើកឡើងថា លោកពូទីន បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងនោះរួមមានទាំងអ្នកសារព័ត៌មាន និងក្រុមអ្នកប្រឆាំងនឹងរូបលោក។ «គាត់គឺជាឃាតករ! ពូទីនគឺជាឃាតករ!»។ នេះគឺជាសម្ដី របស់លោក បៀល អូរៃលី៕