(ម៉ូស្គូ)៖ កងកម្លាំងយោធា​រុស្ស៊ីដល់ទៅជាង​២,០០០នាក់ បានចូលរួមក្នុងការធ្វើសមយុទ្ធ​ប្រឆាំងអំពើ​ភេរវកម្មទ្រង់ទ្រាយ​ធំ​មួយ ដែលកំពុងតែ​ប្រព្រឹត្តទៅ​នៅភាគខាងកើត​ប្រទេស។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះ​បន្តិច​នាល្ងាច​ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​លោកឧត្តមសេនីយ៍ Alexander Gordeyev អ្នកនាំពាក្យ​ទីបញ្ជាការ​យោធារុស្ស៊ី​ភាគខាងកើត ផ្នែកដ៏សំខាន់ជាងគេ​នៃសមយុទ្ធ​យោធានេះ នឹងត្រូវប្រារព្ធ​ឡើងនៅលើទឹកដី​របស់តំបន់ Sakhalin Oblast ដែលស្ថិត​នៅចុងភាគ​ខាងកើតប្រទេស ជាមួយការ​ចូលរួមពីឧទ្ធម្ភាគចក្រ​រាប់សិបគ្រឿង​និងកងលោតឆ័ត្រ​យោង​ជាច្រើននាក់។

លោក Gordeyev បានថ្លែងថា «ចំណាប់អារម្មណ៍​ចម្បងនឹងផ្តោត​សំខាន់ទៅលើបញ្ហា​នៃការធ្វើប្រាស្រ័យ​ទាក់ទងគ្នា រវាង​បណ្តា​ទី​ភ្នាក់​ងារ​​រក្សា​​សន្តិ​សុខ​នៃតំបន់ Sakhalin Oblast នៅអំឡុង​ប្រតិបត្តិការ​ពិសេសមួយ។ រីឯក្រុម​លោតឆ័ត្រយោង​ដែលត្រូវដឹកជញ្ជូន​តាមរយៈឧទ្ធម្ភាគ​ចក្រ​ធុន Mi-8 នឹងចូលរួមក្នុង​ការហ្វឹកហ្វឺននេះ​ដើម្បីកម្ចាត់​ពួកភេរវករ»។

គួរបញ្ជាក់ថា​សមយុទ្ធប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំ​ខាងលើ នឹងបន្តរហូតដល់ចុង​សប្តាហ៍នេះ ពោលគឺថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៕