(ហុងកុង)៖ សារបង្ហោះជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមចិន ពាក់ព័ន្ធនឹងមហាសេដ្ឋីមួយរូប ដែលបានបាត់ខ្លួនពី​សណ្ឋគារមួយ​កន្លែង​ក្នុងទីក្រុងហុងកុង ត្រូវបានលុបចោល​ជាបន្ទាន់ភ្លាមៗ ហើយ​ករណីនេះ​អាចមានជាប់ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង។ នេះ​បើ​តាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន ​Channel ​News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

អាថ៌កំបាំង​​រីករាលដាលខ្លាំងអំពី​ទីកន្លែង​តាំងនៅបច្ចុប្បន្ន​របស់លោក Xiao Jianhua ដែលជា​បុរសមានស្តុកស្តម​ជាងគេបំផុត​មួយរូប ដែលមាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយថ្នាក់ដឹកនាំ​ហុងកុង​មួយចំនួន និងញាតិសន្តាន​របស់ពួកគេ។ លោក Xiao ត្រូវបានគេ​ប្រទះឃើញជា​លើកចុង​ក្រោយ​​នៅ​សណ្ឋាគារ​លំដាប់ផ្កាយប្រាំ​ឈ្មោះថា Four Seasons នៃទីក្រុងហុងកុង​កាលពី​ខែមករា ឆ្នាំ២០១៦ ដោយប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួនបាន​​រាយការណ៍ថា​រូបលោកត្រូវ​បានចាប់ជំរិត ហើយយកទៅ​កាន់ទីក្រុង​ប៉េកាំង។

ករណីនេះស្រដៀងគ្នា​ទៅនឹងការបាត់ខ្លួន​កាលពី​ជាងមួយឆ្នាំ ​នៃអ្នកលក់សៀវភៅ​ចំនួនប្រាំនាក់​នៅទីក្រុង​ហុងកុង ដែលបាន​បោះពុម្ពផ្សាយ​​សៀវភៅជាមួយរិះគន់​បណ្តាមេដឹកនាំ​ប្រទេសចិន។ ករណីបាត់ខ្លួន​នៃអ្នកទាំងប្រាំ បានបង្កើន​ក្តីព្រួយបារម្ភជា​ខ្លាំង​អំពីការធ្វើអន្តរា​គមន៍​របស់​រដ្ឋាភិបាលប៉េកាំង​នៅហុងកុង ព្រមទាំង​ការធ្លាក់ចុះ​នៃសេរីភាពរបស់​ទីក្រុងមួយនេះ ដែលត្រូវបាន​ធានាក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ១៩៩៧ ដែល​ប្រគល់​ទីក្រុងហុងកុង​ទៅកាន់ការគ្រប់គ្រង​របស់​ចិនវិញ។

គួរបញ្ជាក់ថា​នៅពេលដែល​ដំណឹងពីការបាត់ខ្លួន​របស់លោក Xiao Jianhua បានផ្ទុះឡើង​កាលពីដើម​សប្តាហ៍មុន មានសារ​និង​សេចក្តី​រាយ​ការណ៍​​ជា​ច្រើន​ទាក់ទង​នឹងករណីនេះ​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមចិន ប៉ុន្តែនាពេលថ្មីៗ​នេះសុខៗ​សារទាំងនោះក៏ត្រូវបានលុបចោល​ទៅវិញ៕