(អាហ្វហ្គានីស្ថាន)៖ ចំនួនជនរងគ្រោះ​មានទំាងកុមារ​ផងដែរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើន​ឡើងក្នុង​កំរិតមួយដ៏ខ្ពស់​កាលពីឆ្នាំ២០១៦កន្លងទៅ ដោយសារ​តែការវាយប្រហារ​របស់ក្រុម ISIS ​និងការវាយប្រហារ​តាមផ្លូវអាកាស គិតចាប់តាំងពី​ឆ្នាំ២០០៩មក។ នេះបើតាមរបាយការណ៍របស់​ការអង្គការ​សហប្រជាជាតិ ​(UN) ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមក្រុម​អ្នកស៊ើប​អង្កេតUN​ ជនស៊ីវិល៣,៤៩៨នាក់បានស្លាប់ និង៧,៩២០នាក់បានរង​របួស​ក្នុង​ឆ្នាំ២០១៦ ឬកើនឡើង៣ភាគរយបើធៀបទៅនឹង​ឆ្នាំមុនៗ ខណៈ៦១ភាគរយ​នៃជនស៊ីវិល​ទាំងនេះ បានស្លាប់​និងរងរបួស​ដោយសារ​ការវាយប្រហារ​បំផ្ទុះគ្រាប់បែក ​របស់ក្រុម​ឧទ្ទាម​តាលីបង់ និងក្រុម ISIS។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមអ្នកស៊ើបអង្កេតនេះ​ដដែល​ក៏បានឱ្យដឹងដែរ​ថា ការវាយប្រហារ​តាមផ្លូវអាកាស ពីសំណាក់​កងកម្លំាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក​បានបង្កជា​ការបំផ្លិច​បំផ្លាញ និងជនរងគ្រោះ​កើនឡើងដល់​ទៅ៩៩ភាគរយធៀបទៅនឹងឆ្នាំ២០១៥។

គួរបញ្ជាក់ថាបើតាម UN មនុស្ស៨៩៩នាក់ត្រូវបានសម្លាប់ ឬរងរបួស​ដោយសារ​តែការវាយប្រហារ​របស់​ក្រុម ISIS ចំណែកឯ១២៧នាក់បានស្លាប់ និង១០៨នាក់​ រងរបួស​នៅក្នុងការ​វាយប្រហារ​តាមផ្លូវអាកាស​ពីសំណាក់ក្រុម​ចំរុះអន្តរជាតិ​ ដឹកនាំដោយសហរដ្ឋអាមេរិក។ តែកងកម្លំាង​ទ័ពអាកាស​អាហ្វហ្គានីស្ថាន​អះអាង​ថា មានជនស៊ីវិល​៨៥នាក់​បានស្លាប់ និង១៦៧នាក់​រងរបួស៕