(វ៉ាស៊ីនតោន)៖ មន្ទីរ​បញ្ចកោណ​បានបរាជ័យក្នុងបង្ហាញ​ ក៏ដូចជាបញ្ចេញឲ្យ​ដឹងជា​សាធារណៈ​អំពី​កា​រវាយ​ប្រហារ​​តាម​ផ្លូវ​អា​កាស​​រាប់​ពាន់​ករណី ដែលបានប្រឹព្រឹត្ត​ទៅក្រោមស្នាដៃ​របស់យោធា​សហរដ្ឋអាមេរិក នារយៈពេលជា​ច្រើនឆ្នាំកន្លង​ទៅនេះនៅ អ៊ីរ៉ាក់ ស៊ីរី អាហ្វ​ហ្គាស​នី​ស្ថានដើម្បីកម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ទាំងនោះ។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​គេហទំព័រ Military Times ដែល​ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ សហរដ្ឋអាមេរិក​បានធ្វើការវាយ​ប្រហារតាមផ្លូវ​​អាកា​យ៉ាង​តិច​​ចំនួន​​៤៥៦ដង នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន តែពុំត្រូវ​បាន​រក្សាទុកនៅ​ក្នុងម៉ាស៊ីន​ផ្ទុកទិន្នន័យ ​របស់​កងទ័ព​ជើង​​អា​កាស​​អា​មេរិក​នោះ​​ឡើយ ខណៈ​ទង្វើ​ទាំង​អស់​នោះ​​ត្រូវ​បានធ្វើឡើង​ដោយ​ឧទ្ធម្ភាគចក្រ និងយន្តហោះ​គ្មានអ្នកបើក (Drone) របស់កង​ទ័ពអាមេរិក​សុទ្ធសាធ។ ម៉្យាងវិញ​ទៀត​ទិន្នន័យ​មិនគ្រប់ជ្រុងជ្រោយ​នេះ អាចកើតមាន​ឡើងតាំងពី​ខែតុលា ឆ្នាំ២០០១មក​ម៉្លេះ។

គួរបញ្ជាក់ថា គេហទំព័រ Military Times បានចាត់ទុកខ្លួនឯងថា​គឺជាស្ថាប័នព័ត៌មាន​ឯករាជ្យមួយ ស្របពេលដែល​ភ្លាមៗនេះមន្ទីរបញ្ចកោណ​​ និងកងទ័ពអាមេរិក មិនទាន់ធ្វើការអធិប្បាយណាមួយ ដើម្បីឆ្លើយតប​ជុំវិញបញ្ហានេះ​នៅឡើយទេ៕