(សេអ៊ូល)៖ ការសម្រេចចិត្ត​របស់មេដឹកនាំ​កំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការ​បណ្ដេញ​នាយកទីភ្នាកងាក់​ស៊ើបការសម្ងាត់ លោក គីម វ៉ុន ហុង (Kim Won-hong) ចេញពី​តំណែង​នាពេលថ្មីៗ​នេះ អាចនឹង​បង្កភាព​ច្របូកច្របល់ និងអស្ថរភាព​យ៉ាងធ្ងន់ធ្ងរ នៅក្នុងចំណោម​មន្ត្រីកំពូលៗ នៃរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ នេះបើតាម​វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ​កូរ៉េខាងត្បូង (INSS) ដកស្រង់​សម្ដី​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃសុក្រកន្លង​ទៅ លោក គីម វ៉ុនហុង ជានាយក​ទីភ្នាក់ងារស៊ើបការសម្ងាត់ ឬមានតំណែង​ស្មើនឹង​រដ្ឋមន្ត្រី​សន្តិសុខជាតិ ត្រូវបាន​លោក គីម បណ្ដេញ​ចេញពីតំណែង​កាលពីពាក់​កណ្ដាល​ខែមករា ដោយសារតែ​រឿងអាស្រូវ​ពុករលួយ និងរំលោភ​អំណាចរដ្ឋ។ បន្ថែមពីលើ​នេះអតីត​ឧត្ដមសេនីយ៍​ផ្កាយបួន​រូបនេះ ក៏ត្រូវបានទម្លាក់តំណែង មកនៅ​ត្រឹម​ឧត្ដមសេនីយ៍ផ្កាយ​មួយវិញផងដែរ។

ពាក់ព័ន្ធនឹងការដកតំណែង​នេះដែរ INSS បាន​កត់សម្គាល់​ថា «ការដកលោក គីម វ៉ុនហុង​ ចេញពី​តំណែង អាចនឹង​បង្កជាអស្ថេរភាព​យ៉ាងធ្ងន់ធ្ងរ នៅក្នុងចំណោម​មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ត្បិតពួកគេ​នឹងចាប់ផ្តើម ភ័យខ្លាច និងចោទប្រកាន់គ្នា​ទៅវិញទៅមក​នៅក្រោយឆាក​នយោបាយ​ថា«អ្នកនេះស្មោះ អ្នកនោះក្បត់» ហើយដែលនេះ​នឹងជំរុញឱ្យមន្ត្រី​កូរ៉េខាងជើង​មួយចំនួន មិនពេញចិត្ត​នឹងការដឹកនាំ​របស់លោក គីម ជុងអ៊ុន បន្តរត់ភៀសខ្លួនទៅចុះចូល​ជាមួយកូរ៉េខាងត្បូង»

គួរបញ្ជាក់ថា​ចាប់តាំងពីការឡើងកាន់អំណាច​កាលពី​ឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានពង្រឹង​អំណាច​របស់លោក តាមរយៈ​ការ​បោសសំអាត ​និងប្រហារជីវិត​មន្ត្រីជាន់​ខ្ពស់កូរ៉េខាងជើងជាង ៧០នាក់​​ដែល​លោក​​អះអាងថា​ជាជនក្បត់ និងប្រព្រឹត្ត​អំពើពុករលួយ ក្នុងនោះរួមមាន​ទំាងពូបង្កើតលោក ចាង សុងតេក (Jang Song-taek) និងរដ្ឋមន្ត្រី​ការពារជាតិ ​លោក ហ៊ីយ៉ុន យ៉ង់ឆុល (Hyon Yong-chol ) ជាដើម៕