(ឡុងដ៍)៖ ម្ចាស់ក្សត្រីអង់គ្លេស​បានគ្រងរាជ្យ​សម្បត្តិ​របស់ទ្រង់ ឈានចូលដល់​វេលា៦៥ឆ្នាំហើយ ដែលនេះ​ជា​​ការ​គ្រងរាជ្យ​សម្បត្តិ​ដ៏យូរលង់​ផងដែរ បើប្រៀបធៀប​នឹងព្រះចៅ​អធិរាជជប៉ុន អាគីហ៊ីតុ និងអតីត​ព្រះមហា​ក្សត្រ​ថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​​បន្តិច​ដោយ Channel News Asia ដកស្រង់ពី​បណ្តាញ Reuters នាព្រឹក​ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ព្រះរាជវាំង​ក្នុងទីក្រុង​ឡុងដ៍​ចក្រភពអង់គ្លេស​ កំពុងរៀបចំព្រះរាជពិធី​ខួបគំរប់​ការឡើង​គ្រងរាជ្យ ៦៥ឆ្នាំ​របស់ម្ចាស់ក្សត្រី​យ៉ាងគគ្រិក​គគ្រេង ដោយមានដាក់តាំងបង្ហាញ​នូវព្រះ​ឆាយា​ល័ក្ខណ៍របស់ទ្រង់ ដែលត្រូវ​បានថតកាលពីឆ្នាំ២០១៤ គ្រងដោយគ្រឿង​អលង្កា​ដែលបាន​ទទួលពី​ស្តេច George ទី០៦ ជាអំណោយក្នុង​ព្រះរាជពិធីរៀបអភិសេក​របស់ទ្រង់កាលពី​ឆ្នាំ១៩៤៧។

គួរបញ្ជាក់ថាម្ចាស់ក្សត្រីពេលនេះមានព្រះជន្មាយុ ៩០ព្រះវស្សាទៅហើយ ដោយសារតែទ្រង់មានវ័យជរា ដូច្នេះការបំពេញទស្សនកិច្ចទៅកាន់ប្រទេសនានា​ត្រូវបានផ្អាក ប៉ុន្តែសម្រាប់​រាជ្យកិច្ចក្នុងស្រុក ទ្រង់នៅ​តែអាចបន្ត​ជាធម្មតា​នៅទូទាំងចក្រភព​អង់គ្លេស។ នៅថ្ងៃទី០៦ ខែកុម្ភៈនេះ កាំភ្លើងរាជចំនួន ៤១ដើម នឹងត្រូវបាញ់​ចេញ​នៅកណ្តាល​ទីក្រុងឡុងដ៍ ដើម្បីសម្គាល់​ថ្ងៃខួបគំរប់ ៦៥ឆ្នាំនេះ​តែម្តង៕