(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា​រូបលោក​កំពុងបង្កើត​ គណៈកម្មការ​មួយដែលនឹង​ដឹកនាំ​ដោយអនុ​ប្រធានាធិបតី​លោក មៃខ ផែន (Mike Pence) ដើម្បីបើក​ការស៊ើបអង្កេត​ទៅលើអ្វី​ដែលមេដឹក​នាំ​កំពូល​សហរដ្ឋអាមេរិក បានអះអាងថា​ ជាការបន្លំសន្លឹក​ឆ្នោតនៅ​ក្នុងការបោះឆ្នោត​ជ្រើសររើស​ប្រធានាធិបតី​កាលពី​ឆ្នាំ២០១៦។ នេះបើ​តាម​​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​ព្រឹក​ថ្ងៃចន្ទ​ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះអ្នករាល់គ្នាបានដឹងហើយថា​ ពុំមានភស្តុតាងជា​សាធារណៈណាមួយ​ដែលបានបង្ហាញ​ថា​ ការបន្លំសន្លឹកឆ្នោត​នៅក្នុងចំនួន​ដ៏​ច្រើនលើសលុបនោះ​ឡើយ ហើយលោក ដូណាល់ ត្រាំ ផ្ទាល់ក៏ដូចជា​សេតវិមានក៏បាន​បរាជ័យក្នុងការផ្តល់​ភស្តុតាង​ ដើម្បីគាំទ្រ​ការអះអាង​នេះ​ផងដែរ តែទោះបីជា​យ៉ាងណាលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានលើកឡើងពី​មធ្យោបាយជាច្រើន ដែល​លោកជឿជាក់ថា​ ​ការក្លែង​បន្លំ​សន្លឹកឆ្នោត បានកើតមាន​ឡើងក្នុងការបោះឆ្នោត​កាលពីចុងឆ្នាំ​មុន​ប្រាកដមែន នៅអំឡុង​បទសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន Fox News នាថ្ងៃអាទិត្យ​កន្លងទៅនេះ។

ជាមួយគ្នានេះដែរ​ក្រុមមេធាវីរបស់​លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​ដែរ​ថា​ ពុំមានភស្តុតាង​បង្ហាញអំពី​ការបន្លំ​សន្លឹកឆ្នោត​ នៅក្នុងការ​បោះ​ឆ្នោត​កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ឡើយ ក៏ប៉ុន្តែនា​ពេលនេះ​លោក ត្រាំ បាន​សន្យា​ថា​​នឹង​បង្កើត​​គណៈ​កម្ម​ការ​​មួយ​​ដែល​ស្ថិត​ក្រោម​ការ​​ដឹក​នាំ​​របស់​អនុ​ប្រ​ធា​នា​ធិប​តី​​អា​មេ​រិក​​លោក ម៉ៃក៍ ផែន ហើយ​នឹង​​ធ្វើ​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ការ​បន្លំ​សន្លឹក​ឆ្នោត​​នៅ​ក្នុង​ចំនួន​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នេះ ដោយយកចិត្តទុក​ដាក់ជាទីបំផុត។

គួរបញ្ជាក់ថាយោងតាមសម្តី​របស់​លោកប្រធានាធិបតី​អាមេរិក បើសិនជា​គ្មានការចូលរួម​បោះឆ្នោតពី​សំណាក់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទេ​នោះ រូបលោក​មិនត្រឹមតែ​បានទទួលជ័យជម្នះ​លើសំឡេង​ក្រុមអ្នកតំណាង​នៅតាម​បណ្តារដ្ឋ (Electoral College) នោះឡើយ​ហើយ​ក៏បាន​​ឈ្នះ​ផងដែរ​ទាំងចំនួន​សំឡេង​ឆ្នោតរបស់​ប្រជាជន​សហរដ្ឋអាមេរិក ដែលបាន​ធ្លាក់ទៅលើ​គូប្រជែងរបស់​លោក​ ដែលមកពី​គណបក្ស​ប្រជាធិប​តេយ្យ​គឺលោកស្រី ហ៊ីលឡារី គ្លីនតុន៕