(ធានតៃ)៖ ហាងម៉ាស្សាជើង និងស្ទីមមួយកន្លែងស្ថិតនៅក្នុងខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន​ បានទទួលរងអគ្គីភ័យឆាបឆេះយ៉ាងដំណំ និងបានឆក់យកជីវិតមនុស្ស ១៨នាក់ ខណៈ១៨នាក់​ផ្សេងទៀត​រងរបួសធ្ងន់​និងស្រាល ដែលកំពុង​សម្រាកព្យាបាល​​នៅ​​មន្ទីរពេទ្យ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ភ្លើងបានឆាបឆេះហាងម៉ាស្សា និងងូតទឹក (ស្ទីម) មានយីហោ Zuxintang ស្ថិតនៅក្នុងសង្កាត់ធានតៃ នៃទីក្រុងតៃចូវ នាវេលាម៉ោង ៥៖២៦នាទីល្ងាចថ្ងៃអាទិត្យ។ រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ ប៉ូលិសចិនក្នុង​សង្កាត់ធានតៃបានអះអាងថា មនុស្ស១៨នាក់ភាគច្រើនជាភ្ញៀវចូលហាងខាងលើនេះបានបាត់បង់ជីវិត និង១៨នាក់ទៀតកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងសង្កាត់ដដែល។

តាមសម្តីរបស់ប៉ូលិសបានឲ្យដឹងទៀតថា ភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីជាន់ទីពីរនៃហាងម៉ាស្សា ដែលមានកម្ពស់០៦ជាន់ រហូតរាលដាលដល់ជាន់​ផ្សេងៗទៀត ហើយវា​ត្រូវបានពន្លត់​ដោយជោគជ័យ​នៅអំឡុងម៉ោង ៧៖០០នាទីល្ងាចថ្ងៃដដែល។ សម្រាប់មូលហេតុនៃការឆាបឆេះ កំពុងស្ថិតនៅក្នុង​ការស៊ើបអង្កេត​នៅឡើយ៕