(​អាហ្វហ្គានីស្ថាន)៖ ក្រុមមន្ត្រី​អាហ្វហ្គានីស្ថាន បានឱ្យដឹងថា​ចំនួនអ្នកស្លាប់​នៅក្នុងគ្រោះថ្នាក់​បាក់ផ្ទំាងទឹកកក​សង្កត់ជា​បន្តបន្ទាប់បានកើនឡើង​ដល់ច្រើន​ជាង១០០នាក់​ហើយ ខណៈចំនួនអ្នក​ស្លាប់ត្រូវបាន​គេរំពឹងថា​ អាចនឹងមាន​ច្រើន​ជាងនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

គ្រោះថ្នាក់​បាក់ផ្ទាំងទឹកកក​នេះ បានកើត​ឡើងបន្ទាប់ពី​មានព្រិលធ្លាក់​យ៉ាង​សន្ធាប់នារយៈពេល​ប៉ុន្មានថ្ងៃចុង​ក្រោយនេះ ដោយវា​បានបំផ្លាញផ្ទះ​ជាច្រើន​ខ្នង រីឯផ្លូវជាច្រើន​មិនអាចធ្វើ​ដំណើរបាន ជាពិសេស​គឺនៅតំបន់​ភាគកណ្ដាល និងភាគ​ឦសាន​នៃប្រទេស ដែលនេះ​កំពុងបង្កការលំបាក​ដល់ក្រុមអ្នក​ជួយសង្រ្គោះ​ក្នុងការ​បំពេញ​ការងាររបស់ពួកគេ។​

ជុំវិញ​បញ្ហានេះដែរអ្នកនាំពាក្យក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​អាហ្វហ្គានីស្ថាន លោក Mohammad Omar Mohammadi បានថ្លែងថា សាកសព​មនុស្ស៥០នាក់​ត្រូវបានគេរកឃើញ​នៅក្នុងភូមិចំនួន​ពីរ​នៃស្រុក Bargmatal ស្ថិតក្នុងខេត្ត Nuristan និងមនុស្ស​៥៤នាក់ ក៏ត្រូវបាន​គេរាយការណ៍​ថា​ បាត់បង់ជីវិត​ផងដែរ នៅតំបន់​ភាគកណ្ដាល និងភាគឦសាន​ជាទីដែល​អាជ្ញាធរ​បានអះអាងថា​ ផ្ទះ១៦៨ខ្នងត្រូវបានបំផ្លាញ ហើយ សត្វពាហនៈ​រាប់រយ​ក្បាលបានងាប់។

គួរបញ្ជាក់ថា​បើតាមក្រុមអ្នកជួយសង្រ្គោះ ចំនួនអ្នកស្លាប់អាច​នឹងកើនឡើង​ត្បិតពួកគេ​កំពុងទាញ​យកមនុស្សជាង​៧០នាក់ ចេញពីផ្ទាំង​ទឹកកក​បាក់សង្កត់៕