(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្ដឹងជំទាស់ហើយ ទៅនឹងការផ្អាកបទបញ្ជា​របស់លោក ដោយចៅក្រមតុលាការកំពូលម្នាក់ ក្នុងទីក្រុង Seattle ស្ដីពីការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧។ នេះបើតាម​ការចេញផ្សាយដោយសារ ព័ត៌មាន BBC ថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បានជះពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការកំពូលថា «ជាការសម្រេចចិត្តដ៏គួរឲ្យអស់ សំណើចខ្លាំងណាស់ ដែលវាជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។ បន្ថែមពីលើនេះ លោកត្រាំ ក៏បានតែងតាំងរដ្ឋមន្រី្តមហាផ្ទៃ លោក ចន ឃែលលី (John Kelly) និងរដ្ឋមន្ត្រីការបរទេសថ្មី លោក រិច ធីល្លឺសុន (Rex Tillerson) ជាតំណាងដើមបណ្ដឹង ដើម្បីប្ដឹងជំទាស់ទៅនឹងចៅក្រមរូបនេះ។ តែ ទោះជាយ៉ាណា ​សម្រាប់ លោក Robart ការហាមឃាត់ជនភៀសខ្លួនរបស់ លោកត្រាំ គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយម្យ៉ាងវិញទៀត បន្ទាប់ពីមានសេចក្តី សម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាម ដោយអនុញ្ញាតឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។

គួរបញ្ជាក់ថា ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្ន មិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់,អ៊ីរ៉ាក់,លីប៊ី, សូម៉ាលី,ស៊ូដង់,យេមែន និងស៊ីរី៕