(វ៉ាស៊ីនតោន)៖ ទីបំផុតតុលាការសហព័ន្ធអាមេរិក បានសម្រេចព្យួរឬផ្អាកបទបញ្ជា​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ដែលបានដាក់ការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧ នោះហើយ ប៉ុន្តែ​ប្រធានាធិបតីថ្មី​រូបនេះ​មិនបាន​យល់ស្រប​តាមនោះឡើយ ដោយលោក​អះអាងទៀតថា​​ នឹងយកការហាមឃាត់​​ដ៏ស្របច្បាប់​នោះ​ ត្រឡប់មក​អនុវត្តន៍ឲ្យបាន។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះលោក ដូណាល់ ត្រាំ បានជះពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការសហព័ន្ធថា «ជាការសម្រេចចិត្តដ៏គួរឲ្យអស់សំណើច ខ្លាំងណាស់ ដែលវាជាការអូសទាញអាមេរិក ឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ»។ សេចក្តីសម្រេចរបស់​លោក Robart បានបញ្ជាក់ថា «ការហាមឃាត់ជនភៀសខ្លួន គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ»

គួរបញ្ជាក់ថាបន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក អាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាម ដោយអនុញ្ញាតឲ្យបណ្តាជនជាតិមកពី ប្រទេសទាំង០៧ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។ លោក ត្រាំ បានបង្ហោះសារនៅក្នុងបណ្តាញ Twitter របស់លោកថា «បទបញ្ជាលោកនឹងត្រូវយក​មកអនុវត្តន៍​ឡើងវិញឲ្យបាន»