(តេហេរ៉ង់)៖ កងកម្លាំងការពារ​បដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរៀបចំ​ធ្វើសមយុទ្ធការពារ​ដែនអាកាសដ៏ធំមួយ​នៅថ្ងៃសៅរ៍នេះ ដែលមាន​ការចូលរួមពីកងកម្លាំងយោធា និងសព្វាវុធទំនើបៗ​ធ្វើការហ្វឹកហ្វឺន​នៅលើផ្ទៃដី ៣៥.០០០គីឡូម៉ែត្រ​ក្រឡា។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ ដកស្រង់ពី​សារព័ត៌មាន​អ៊ីរ៉ង់ IRNA នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ការធ្វើសមយុទ្ធខាងលើនេះ បានកើតឡើង​បន្ទាប់ពីសហរដ្ឋអាមេរិក​បានសម្រេចដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេសអ៊ីរ៉ង់ ដោយសារតែ​ការធ្វើតេស្ត​គ្រាប់មីស៊ីល​កាលពីពេលថ្មីៗ​នេះ ដែលអាមេរិក​ចោទថា​ជាការ​រំលោភ​លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពីឆ្នាំ២០១៥ ប៉ុន្តែអ៊ីរ៉ង់​បានអះអាងជាច្រើនលើកហើយថា ខ្លួនមិនបាន​ប្រព្រឹត្តខុសអ្វីឡើយ​​ ហើយអាវុធមីស៊ីល​នោះ ក៏មិនមែន​ជាប្រភេទដែល​អាចបំពាក់គ្រាប់​នុយក្លេអ៊ែរ​បាននោះដែរ។

សម្រាប់សមយុទ្ធនៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់មានគោលដៅបង្កើនសមត្ថភាពដល់កងកម្លាំងរបស់ IRGC ទប់ទល់នឹងការគំរាមកំហែងនានា។ ប្រព័ន្ធរ៉ាដាចាប់សញ្ញាពីលើដី ការរៀបចំយុទ្ធសាស្ត្រនានា និងការគ្រប់​គ្រងប្រព័ន្ធសព្វាវុធអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសមយុទ្ធនោះ៕