(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ​សហរដ្ឋអាមេរិកថា កុំក្រឡុក​ស្ថានការណ៍នៅ​តំបន់អាស៊ី​បូព៌ាតទៅ​ទៀត ដែលការព្រមានធ្ងន់ៗ​នេះធ្វើឡើងបន្ទាប់​ពី​រដ្ឋមន្ត្រីការពារជាតិថ្មី​របស់អាមេរិក លោក Jim Mattis កំពុងបំពេញ​ទស្សនកិច្ច​នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបានការពារ​ដោយសន្ធិសញ្ញា​រវាងជប៉ុន-អាមេរិក។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់​ពីបណ្តាញ Reuters នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន​នៅឡើយនោះ គឺជាទីតាំងប្រកបដោយសក្កានុពលមួយ​ដែលអំណោយផល​លើការនេសាទ​ធនធានសមុទ្រ ដែលជប៉ុន​ទន្ទ្រានគ្រប់គ្រង​នៅសម័យ​សង្គ្រាមលោក ប៉ុន្តែបើតាម​ភាពជាក់ស្តែង​នៃតឹកតាងប្រវត្តិសាស្ត្រ​ប្រទេសចិនធ្លាប់​បានគ្រប់គ្រង​លើប្រជុំកោះទាំងអស់​នេះ អស់រាប់សតវត្សរ៍​មកហើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញគឺជាដែនដីប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាន​នរណាម្នាក់ អាចប្រកែក​ពីការពិតជា​ប្រវត្តិសាស្ត្រនេះ​បានឡើយ។ យើងអំពាវនាវ​ឲ្យភាគីអាមេរិកទទួលខុស​ត្រូវចំពោះ​ឥរិយាបថ​របស់ខ្លួន ហើយឈប់​ធ្វើការ​លើកឡើង​ដោយខុសពី​ការពិត និងសូមឈប់ដុតរោល​ស្ថានការណ៍​ឲ្យកាន់តែយ៉ាប់យឺន​ជាងនេះទៀត​នៅក្នុងតំបន់»

គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិក​រក្សា​គោលនយោបាយឥតកែប្រែចំពោះ​ជំហររបស់ខ្លួន​លើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិក​បន្តគាំទ្រ​ប្រទេស​ជប៉ុន​ក្នុងការគ្រប់គ្រង​ប្រជុំកោះនោះតទៅទៀត៕