(វ៉ាស៊ីនតោន)៖ សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ក្នុងការអញ្ជើញលោក Donald Trump ធ្វើទស្សនកិច្ចផ្លូវរដ្ឋ បានធ្វើឱ្យម្ចាស់ក្សត្រី​អង់គ្លេសស្ថិតក្នុងភាពមួយដ៏លំបាក នេះបើយោងតាមការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស។

ការអញ្ជើញនេះបានធ្វើឱ្យលោកមានក្តីភ្ញាក់ផ្អើលជាខ្លាំង។ លោកបានបន្តថា ការពិតទៅម្ចាស់ក្សត្រី អង់គ្លេសចង់ធ្វើបដិសណ្ឋាកិច្ចប្រធានាធិបតីរូបនេះ​ជាមិត្តភាព និងដោយ​ភាពកក់ក្តៅ ប៉ុន្តែទស្សនកិច្ចផ្លូវរដ្ឋនេះហាក់មានភាពចម្រូងចម្រាស់ជាខ្លាំង ដោយសារមនុស្សភាគច្រើនមិនពេញចិត្តគោលនយោបាយលោក Donald Trump។ វាហាក់ទាញ​ម្ចាស់ក្សត្រីឱ្យចូលពាក់ព័ន្ធដោយផ្ទាល់ជាមួយ «ភាពស្មុគស្មាញរបស់ប្រធានាធិបតីរូបនេះ ក្នុងការកាន់ដំណែង ជាប្រធានាធិបតីនៅដំណាក់កាលដំបូង»

សូមជម្រាបថា លិខិតបញ្ចេញមតិទាមទារលុបចោល​ដំណើរទស្សនកិច្ចនេះ ទទួលបានការចុះហត្ថលេខា​យល់ស្របរហូតដល់​១.៦លាននាក់ ខណៈដែលក្រុមអ្នក គាំទ្រដំណើរទស្សនកិច្ចនេះ ទទួលបានសម្លេងគាំទ្រត្រឹមតែជាង៩ម៉ឺននាក់ប៉ុណ្ណោះ។ ក្រុមបាតុករប្រឆាំងដំណើរទស្សនកិច្ចនេះបានស្រែកថា «មិនគួរមាន កិច្ចជំនួប​ណាមួយត្រូវបានធ្វើឡើងនោះឡើយ ព្រោះជាធម្មតាព្រឹត្តិការណ៍បែបនេះតែងតែផ្តល់ឱ្យភ្ញៀវមានឱកាសស្នាក់នៅព្រះរាជវាំង Buckingham ដែលត្រូវបានទទួលដោយ​ម្ចាស់ក្សត្រីផ្ទាល់»

ដោយឡែកសមាជិកសភាមកពីបក្សអភិរក្សនិយមលោក Andrew Bridgen បានលើកឡើងបែបផ្សេងថា ខណៈដែលសមាជិកសភាចាប់ផ្តើមកិច្ចចរចា ស្តីពីដំណើរការ​ចាកចេញពីសហភាពអឺរ៉ុបនោះ អង់គ្លេសពិតជាត្រូវការ ទំនាក់ទំនងពិសេសជាមួយ​សហរដ្ឋអាមេរិក​ជាងពេលណាទាំងអស់។

លោកបានលើកឡើងដូចច្នេះថា «ការផ្តល់នូវកិច្​ចពិភាក្សាស្តី​ពាណិជ្ចកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក នឹងផ្តល់នូវផលប្រយោជន៍ច្រើនលើសលុបដល់អង់គ្លេស សម្រាប់​រយៈពេល​ពីរឆ្នាំខាងមុខ នៅពេលដែលយើង​ត្រូវចាកចេញពី​សហភាពអឺរ៉ុប និងបញ្ឈប់ការប្រើប្រាស់គោលការណ៍ទីផ្សាររួម»

ចំណែកលោក Ricketts បានថ្លែងថា កិច្ចអញ្ជើញផ្លូវរដ្ឋចំពោះប្រធានាធិបតី Trump បានទាញឱ្យម្ចាស់ក្សត្រី​ស្ថិតក្នុងស្ថានភាព​លំបាកមួយ។ អតីតរដ្ឋមន្ត្រីការបរទេសលោក Hilliam Hague បានឱ្យយោបល់ថា ម្ចាស់ក្សតី្រអាចធ្វើពុតជាមិនយកចិត្តទុកដាក់ខ្លាំងពេកទៅលើរឿងនេះ ដូចដែលកន្លងមក ម្ចាស់ក្សតី្រអង្គនេះ ក៏ធ្លាប់ទទួលមេដឹកនាំ​ផ្តាច់ការ​នានាផងដែរ មានជាអាថ៌អតីត​មេដឹកនាំ​ប្រទេស រ៉ូម៉ានី លោក Nicolae Ceausescu ជាដើម។

សរសេរក្នុងអត្ថបទសារព័ត៌មាន Daily Telegraph លោក Hague បានបន្ថែមថា«មនុស្សភាគច្រើនមិនមានភាពកក់ក្តៅ ឬយល់ស្របជា​មួយ​​គោលនយោបាយ​រយៈពេល​១០ថ្ងៃដំបូងរបស់លោក Trump ឡើយ។ តែយ៉ាងហោចណាស់ យើងនៅតែជឿជាក់ថាអង់គ្លេស គឺជាប្រទេសតែមួយគត់ដែលអាចឱ្យប្រធានាធិបតីរូបនេះ អាចយកចិត្ត​ទុកដាក់ស្តាប់។

ម្យ៉ាងទៀតប្រជាពលរដ្ឋអាមេរិកភាគច្រើនត្រូវបានចាត់ទុកថាជាមិត្តជិតស្និតបំផុតរបស់អង់គ្លេស។ ហេតុនេះ ប្រសិនបើស្នើអញ្ជើញប្រធានាធិបតី Trump ធ្វើទស្សកិច្ចនៅ​ទឹកដីអង់គ្លេសនោះ យើងមិនគួរព្រងើយកន្តើយចំពោះការអញ្ជើញនេះឡើយ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកស្រី May បានបង្ហាញក្តីរីករាយជាខ្លាំងដែលបានអញ្ជើញលោក Trump ធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស ជំនួសមុខឱ្យម្ចាស់ក្សត្រី។ នាយករដ្ឋមន្ត្រីរូបនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធជាខ្លាំងក្នុងការទាមទារឱ្យបញ្ជាក់ថាតើ លោកស្រីបានធ្វើកិច្ចពិភាក្សា ជាមួយលោក Trumpដែរឬទេ ពីគោល​នយោបាយ​ហាមឃាត់ការធ្វើដំណើរក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងពេលដែលលោកស្រីធ្វើកិច្ចជំនួបជាមួយលោក Trump នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។

សូមជម្រាបថា ការហាមឃាត់ការធ្វើដំណើរទៅកាន់ទឹកដីអាមេរិកនេះ បានបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រទេស អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ហ្ស៊កដានី និងយ៉េមែន។ ក្រុមអ្នករិះគន់ បានហៅការដាក់កម្រិតទៅលើការធ្វើដំណើរនេះថាជា «ការហាមឃាត់ការធ្វើដំណើរទៅលើពួកម៉ូស្លីមជាក់ស្តែងតែម្តង» បើទោះបីជារដ្ឋាភិបាលលោក Trump បានបដិសេធបែបនេះក្តី។

ចំណែកមេដឹកនាំបក្សពលករ លោក Jeremy Corbyn បានបញ្ជាក់ថា លោក Trump មិនគួរទទួលបានការស្វាគមន៍ពីចក្រភពអង់គ្លេសនោះទេ មូលហេតុដោយ​សារលោក​បានបំពានលើតម្លៃរួមមួយ ដោយលោកបានហាមឃាត់ពួកម៉ូស្លីមចេញពីទឹកដីអាមេរិក ព្រមទាំងបំពានលើសិទ្ធជនភៀសខ្លួន និងសិទ្ធស្ត្រី៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា