(សាន់ត្យាហ្គោ)៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសឈីលី បានអូសបន្លាយរយៈពេលជាងពីរសប្តាហ៍ ដែល​បានបណ្តាលឲ្យ​ប្រទេសអាមេរិកឡាទីនមួយ​ខាតបង់សេដ្ឋកិច្ច​សរុបជាទឹកប្រាក់ ៣៦៣លានដុល្លារ​អាមេរិក ដែលភាគច្រើន​​គឺត្រួវបានចំណាយទៅលើ​ប្រតិបត្តិការពន្លត់​ភ្លើងព្រៃ មានដូចជា​ឧទ្ធម្ភាគចក្រ យន្តហោះ និងក្រុមពន្លត់​អគ្គីភ័យ​រាប់រយ​នាក់។ នេះបើតាមការ​ដកស្រង់សម្តី​របស់រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ឈីលី លោក Rodrigo Valdes ដែលស៊ិនហួរ​ចេញផ្សាយ​នារសៀល​ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅអំឡុងពេលដែលប្រទេសឈីលី​ជួបប្រទះនូវ​វិបត្តិភ្លើងឆេះព្រៃ​ដ៏ធ្ងន់ធ្ងរនោះ សហគមន៍​អន្តរ​ជាតិ និងប្រទេសជិតខាង​ក៏បានរួមគ្នា​ជួយផងដែរ។ ភ្លើងព្រៃ​បានលេបត្របាក់​តំបន់ភាគខាងត្បូង និងកណ្តាល​ប្រទេស ដែលលំនៅឋាន និងផលដំណាំរបស់ប្រជាជនជាច្រើនបានឆេះខ្ទេចខ្ទីតែម្តង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់ប្រទេស​ឈីលីលោក Luis Felipe Cespedes បានលើកឡើងផងដែរថា ស្ថិតនៅក្នុងតំណាក់កាល​ដ៏លំបាកនេះរដ្ឋាភិបាលធានាជួយគាំទ្រដល់ ប្រជាជនដែលប្រកបរបរកសិកម្ម និងក្រុមហ៊ុនកែច្នៃផលិតផល​ព្រៃឈើ ព្រមទាំងជួយដល់អ្នកបាត់បង់ការងារធ្វើមួយចំនួនទៀត ដែលបង្កឡើងដោយភ្លើងឆេះព្រៃនេះ៕