(វ៉ាស៊ីនតោន)៖ លោក Vincent Viola ដែលជាមហាសេដ្ឋីមួយរូបនៅសហរដ្ឋអាមេរិក (Wall Street trader) ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេច​តែងតាំង​ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃ​ក្រសួងការពារជាតិអាមេរិក (Secretary of the Army) ដែលកំពុងរង់ចាំការអនុម័តពីព្រឹទ្ធសភាមួយ​តំណាក់​កាលទៀតតែប៉ុណ្ណោះ ប៉ុន្តែលោក Viola សម្រេចដកខ្លួនថយ ដោយបដិសេធសំណើរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Viola ត្រូវបានគេស្គាល់ថាជាម្ចាស់ក្លឹបកម្សាន្តកីឡា Hockey Florida Panthers ដែលប្រការនេះ​វាទំនងជានឹងក្លាយជារឿងលំបាករបស់លោក ដែលត្រូវបោះបង់​ភាពជាអ្នកធ្វើជំនួញ ទៅជាអ្នកកាន់ការធំនៅ​ក្នុងក្រសួងការពារជាតិ ដែលជាក្រសួងដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនោះ។ បន្ថែមពីនេះលោក Viola ក៏មានភាគហ៊ុនច្រើននៅក្នុងក្រុមអាកាសចរណ៍ Easter Air Lines ផងដែរ។

គួរបញ្ជាក់ថាទោះបីជាលោក Viola កំពុងកាន់មុខជំនួញដ៏ច្រើនក្តី ប៉ុន្តែលោកក៏មានប្រវត្តិសិក្សាជាច្រើន​ពាក់ព័ន្ធនឹងវិស័យយោធាផងដែរ ដូចជាបានបញ្ចប់​ការសិក្សា​នៅសាលាយោធា West Point កាលពីឆ្នាំ​១៩៧៧ និងចុងក្រោយលោកធ្លាប់ធ្វើជាប្រធាននៃស្ថាប័នទំនុកបំរុងកងទ័ព Army Reserves។ លោក​ត្រូវការការអនុម័ត​ពីសភាទើបអាច​ឡើងជា​រដ្ឋលេខាធិការយោធា (Secretary of Army)។

តំណែងខាងលើនេះ គឺជាថ្នាក់មន្ត្រីស៊ីវិលជាន់ខ្ពស់មួយរូបក្នុងក្រសួងការពារជាតិ ដែលមានការទទួល​ខុសត្រូវ​​លើ​បញ្ហាទាំងអស់ពាក់ព័ន្ធនឹងកងទ័ពអាមេរិក, កម្លាំងយោធា, កិច្ចការទំនុកបម្រុង, ការដំឡើង, បញ្ហាបរិស្ថាន, ប្រព័ន្ធអាវុធ និងការទិញយកឧបករណ៍ទាក់ទងផ្សេងៗ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ៕