(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​អាចប្រឈមនឹង​បញ្ហាលំបាកជាច្រើន​ដែលពុំធ្លាប់ជួបពីមុនមក នៅក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​​នា​ឆ្នាំ២០១៧នេះ​ជា​ចម្បង​​​ ដោយ​សារតែ​ការដាក់ទណ្ឌ​កម្ម​ដ៏តឹងរ៉ឹង​របស់អង្គការ​សហប្រជាជាតិ មកលើប្រទេស​កុម្មុយនិស្តដ៏ឯកោ​មួយនេះ។ នេះបើតាម​សម្តី​របស់​អ្នកវិភាគ​​មួយរូប ដែលដក​ស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាង​ត្បូង​ យុនហ៉ាប់​ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Lim Soo-ho អ្នកសិក្សាស្រាវជ្រាវ​មួយរូប​នៅឯវិទ្យាស្ថាន​កូរ៉េ​សម្រាប់​គោលនយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ បានលើកឡើង​នៅក្នុង​​របាយ​ការណ៍​ប្រចាំខែ ដែលត្រូវ​បានចេញផ្សាយ​ដោយវិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ​ របស់រដ្ឋាភិបាល​ទីក្រុងសេអ៊ូល​ថា «កូរ៉េខាងជើង​ត្រូវបានគេ​រំពឹងថា នឹងទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយខាតបង់​រូបិយប័ណ្ណ​បរទេស​ប្រមាណ ៧០០លានដុល្លារ​នៅក្នុងឆ្នាំនេះ បើធៀបជា​មួយឆ្នាំ២០១៥ នៅ​ក្នុងករណី​ដែលកូតា​នាំចេញ​ត្រូវបានពង្រឹង​ឲ្យគោរពតាម»

គួររំលឹកថា​កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ បានរឹត​បន្តឹង​ទណ្ឌកម្ម​ដើម្បីដាក់ពិន័យ​ទៅលើ​​កូរ៉េខាងជើង ដោយសារ​ការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​លើកទីប្រាំ​ របស់​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​កាលពី​ខែកញ្ញ ឆ្នាំដដែល។ សេចក្តី​សម្រេច​​នៃការដាក់​ទណ្ឌកម្ម​នេះ ត្រូវបានធ្វើ​ឡើងក្នុង​គោលបំណង​កាត់ផ្តាច់​កូរ៉េខាងជើង​ពីរូបិយប័ណ្ណរឹង ដោយការ​ដាក់កំហិត​ទៅលើវិស័យ​នាំចេញ​​ធ្យូងថ្ម​ របស់​ទីក្រុងព្យុងយ៉ាង ហើយការ​ដំណោះស្រាយ​នេះ​បានហាមឃាត់​មិនឲ្យ​សមាជិកអង្គការ​សហប្រជាជាតិ ធ្វើការទិញ​ចូលនូវធ្យូងថ្ម​របស់កូរ៉េខាងជើង​នោះឡើយ៕