(វ៉ាស៊ីនតោន)៖ ទិដ្ឋាការជាង​៦០,០០០ច្បាប់ត្រូវ​បានលុបចោល នៅក្រោម​បទបញ្ជារារាំង​ការធ្វើអន្តោប្រវេសន៍​ ជាបណ្តោះ​អាសន្ន​មក​កាន់​ទឹក​​ដី​​សហរដ្ឋអាមេរិក​ពីប្រទេស​មូស្លីម​ចំនួន០៧ ​​របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាម​​សេចក្តី​ប្រកាស​​របស់​ក្រសួង​​​ការ​បរ​ទេស​​អាមេរិក ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមលោក William Cocks អ្នកនាំពាក្យ​ការិយាល័យកិច្ចការ​កុងស៊ុល​របស់ក្រសួង​ការបរទេស ការលុបចោល​នេះមានន័យថា រដ្ឋាភិ​បាល​អាមេរិក​បានចាត់ទុកជាមោឃៈនូវទិដ្ឋាការ​ធ្វើដំណើរ​របស់ជន​ទាំងឡាយ​ណា ដែលព្យាយាម​ចូលមកកាន់​ទឹកដី​សហរដ្ឋអាមេរិក​ ក៏ប៉ុន្តែទិដ្ឋាការ​ទាំងនោះ​អាចនឹងត្រូវធ្វើ​ឲ្យមាន​សុពលភាព​ឡើងវិញ​ នាពេល​ក្រោយបាន ដោយពុំចាំ​បាច់បំពេញឯកសារ​សាជាថ្មីម្តងទៀត​នោះ​​ឡើយ។

គួរបញ្ជាក់ថា​បទបញ្ជាពាក់ព័ន្ធ​នឹង​ការធ្វើអន្តោប្រវេសន៍​ដែលត្រូវបាន​ចុះហត្ថលេខា​ដោយលោក ដូណាល់ ត្រាំ កាលពីមួយ​សប្តាហ៍មុននោះ បានផ្អាក​កម្មវិធីទទួល​ជនភៀស​ខ្លួនអាមេរិក​ជា​បណ្តោអាសន្ន ក៏ដូចជា​បានដាក់​បំរាមរយៈពេលបីខែ​ មិនឲ្យអ្នក​ដែលធ្វើដំណើរ​​មក​ពី​ប្រទេស​​អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េមែន ឈានជើង​ចូលទឹកដី​អាមេរិក។ លោក ត្រាំ បានអះអាងថា​ វិធានការដ៏​ចម្រូងចម្រាស់​នេះ​នឹងជួយ​ការពារ​ពលរដ្ឋអាមេរិក​ ពីការវាយប្រហារ​ដោយអំពើ​ភេរវកម្ម។

ពីដំបូងឡើងមេធាវីមួយរូបនៃក្រសួងយុត្តិធម៌អាមេរិកបានអះអាង​ប្រាប់អ្នកសារព័ត៌មានថា ទិដ្ឋាការរហូតដល់ ១០០,០០០ច្បាប់​ឯណោះត្រូវបាន​ទុកជាមោឃៈ ប៉ុន្តែក្រោយមក​ក្រសួងការបរទេស​អាមេរិកបានចេញមុខ​បដិសេធនូវ​ការលើកឡើងនេះ ដោយអះអាងជំនួស​មកវិញថា ទិដ្ឋាការតែ ៦០,០០០ច្បាប់ប៉ុណ្ណោះ ដែលត្រូវបានបិទ៕