(សេអ៊ូល)៖ បន្ទាប់ពីចិនឥឡូវដល់វេន​រុស្ស៊ីវិញម្ដង​ ដែលចេញមុខព្រមាន ក៏ដូចជា​សម្ដែងការ​ជំទាស់ទៅនឹង​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD ដោយ​អគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​កូរ៉េខាងត្បូង បានបញ្ជាក់នៅ​ថ្ងៃនេះថា ទីក្រុងមូស្គូ​អាចនឹងចាត់​វិធានការទប់ទល់ ដើម្បីការពារ​សន្តិសុខជាតិ​របស់ខ្លួន នៅក្នុងករណី​ដែលប្រព័ន្ធ​មីស៊ីលនេះ ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់ពង្រាយ​នៅលើទឹកដី​កូរ៉េខាងត្បូង​មែននោះ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​អគ្គរដ្ឋទូតរុស្ស៊ី លោក អាឡិចសាន់ឌឺ ទីម៉ូនីន (Alexander Timonin) ការដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល THAAD ​នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ នឹងបង្កផល​ប៉ះពាល់ ដ៏គ្រោះថ្នាក់​ដល់កិច្ចខិតខំ​ប្រឹងប្រែង​រក្សាសន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់ ហើយវា​គឺជាការគម្រាម​កំហែងមួយ​ដល់សន្តិសុខ​ជាតិ​រុស្ស៊ី បើទោះបីជា​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ធ្លាប់បាន​អះអាង​ជាច្រើនដងរួច​មកហើយ​ថា​ THAAD មានគោលដៅ​តែមួយគត់​លើកូរ៉េខាងជើង​ក៏ដោយ។

លោក អាឡិចសាន់ឌឺ បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនមានជំរើសអ្វីផ្សេងទៀតនោះទេ ក្រៅតែពីការ​ចាត់វិធានការ​ទប់ទល់​ ដើម្បីការពារ​សន្តិសុខ​ជាតិ នៅក្នុងករណី​ប្រព័ន្ធមីស៊ីល THAAD ត្រូវបាន​ដាក់ពង្រាយ ​តែខ្ញុំក៏ចង់បញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចទ្វេភាគី​រុស្ស៊ី-​កូរ៉េខាងត្បូង មានសារៈសំខាន់​ដូចគ្នានឹងបញ្ហាប្រព័ន្ធមីស៊ីល THAAD ដែរ។ ក៏ប៉ុន្តែទោះបីជាវាសំខាន់​យ៉ាងណា ក៏ប្រហែលជាមិន​ស្មើនឹងទំនាក់ទំនង​ទ្វេភាគីនេះដែរ»។     

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក អាឡិចសាន់ឌឺ ទីម៉ូនីន ត្រូវបានធ្វើ​ឡើងក្នុងសន្និសីទ​​សារព័ត៌មាន​មួយ នៅឯស្ថាន​ទូតរុស្ស៊ី​ប្រចាំ​ទីក្រុង​សេអ៊ូល តែប៉ុន្មានម៉ោង ប៉ុណ្ណោះ​​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​​អាមេរិកថ្មី ​លោក ជែម ម៉ាតធីស (Jame Mattis ) បានអះអាង​ថា​ប្រព័ន្ធខែល​​ការពារ​មីស៊ីល THAAD នឹងត្រូវ​ដាក់​ពង្រាយនៅលើ​ទឹកដី​កូរ៉េខាងត្បូង​​ក្នុងឆ្នាំ២០១៧​នេះ​តែម្តង ដើម្បីការពារ​​ទីក្រុងសេអ៊ូលពីការគំរាមកំហែង​របស់​កូរ៉េខាងជើង៕