(ប៉េកាំង)៖ ក្រុមហ៊ុនតំឡើង​យន្តហោះ Airbus (Tainjin) Final Assembly Co., Ltd មានមូលដ្ឋាន​នៅទីក្រុង Tianjin ប្រទេសចិន នឹង​ចាប់​ផ្តើម​​ធ្វើការដំឡើងយន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន Airbus A320neo ដំបូងបំផុត​របស់ខ្លួននៅ​ខែកក្កដា ហើយបញ្ចេញជាផ្លូវការនៅខែកញ្ញា​ខាងមុខ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមហ៊ុន​ដំឡើងយន្តហោះ​ដឹកអ្នកដំណើរធុន A320 ដែលមាន​ការចូលរួម​ពី​សំណាក់ក្រុមហ៊ុន Airbus របស់ប្រទេស​បារាំង ក្រុមហ៊ុន​សា​ជីវ​កម្ម​​ឧស្សាហ​កម្ម​អាកាសចរណ៍​​ចិន និងតំបន់ពាណិជ្ជកម្ម​សេរី Tianjin ត្រូវបានបង្កើតឡើង​នៅក្នុងទីក្រុង Tainjin ប្រទេសចិន​កាល​ពី​​ឆ្នាំ​២០០៧។ ក្រុមហ៊ុននេះបានចាប់​ផ្តើម​ប្រតិបត្តិការ​​តាំងពី​​ខែកញ្ញា ឆ្នាំ២០០៨ និងបានតំឡើង​​យន្តហោះ Airbus ធុន A320 មិន​តិច​ជាង​៣០០​​គ្រឿង​​នោះ​ឡើយ ហើយចាប់ពី​ឆ្នាំ២០១៧នេះតទៅ​ ក្រុមហ៊ុនគ្រោង​នឹងធ្វើការ​តំឡើង​យន្តហោះធុន A320neo ចំនួនបួនគ្រឿង​​ជារៀង​រាល់ខែ។

គួរបញ្ជាក់ថា​យន្តហោះ​ដឹកអ្នកដំណើរ​ប្រភេទ A320neo គឺជាសមាជិក​ដ៏ថ្មីសន្លាង​បំផុតនៃត្រកូល Airbus A320 ហើយបើប្រៀបធៀបគ្នាជាមួយ​​ប្រភេទ A320 ដ៏ទៃទៀត យន្តហោះធុន A320neo នេះ​អាចសន្សំសំចៃ​ប្រេងឥន្ធនៈ​បានពី១៥ ទៅ២០ភាគរយ៕