(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអ៊ីរ៉ង់ នឹងបញ្ឈប់ការផ្ដល់ទិដ្ឋាការចូលក្នុងប្រទេសអ៊ីរ៉ង់ ដល់ប្រជាជនអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងបទបញ្ជាប្រធានាធិបតីនៃ លោក ដូណាល់ ត្រាំ ដែលបានហាមឃាត់ជាបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួន និងប្រជាជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន ចំនួន០៧ ក្នុងនោះរួមមានទំាងអ៊ីរ៉ង់ មិនឱ្យចូលក្នុងទឹកដីអាមេរិក។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ដកស្រង់សម្ដីដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

យោងតាមបទបញ្ជាប្រធានាធិបតី ចុះហត្ថាលេខាដោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ ប្រទេសចំនួន០៧ ដែលមានអ្នកកាន់សាសនាអ៊ីស្លាម ភាគច្រើនដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ត្រូវបានហាមមិនឱ្យចូលសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តា ប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់ រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ ដោយគ្មានពេលកំណត់។

ដោយឡែកពាក់ព័ន្ធនឹងការហាមឃាត់នេះដែរ នៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយសមាភាគីបារាំង លោក ហ្សង់ម៉ាក អៃរ៉ូល លោក ហ្សាវ៉ាដ ហ្សារីហ្វ បានគូសបញ្ជាក់ថា «ជាការឆ្លើយតបនឹងការសម្រេចចិត្តពីសំណាក់លោក ត្រាំ យើងនឹងមិនផ្ដល់ទិដ្ឋាការ ឬវីសា (​Visa) ដល់ប្រជាជនអាមេរិក ដែលចង់ធ្វើដំណើរមកកាន់ប្រទេសអ៊ីរ៉ង់ នោះទេ»។

សូមជំរាបថា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិក ដូចជា អង់គ្លេស បារំាង កាណាដា ហ្វាំងឡង់ និងអ៊ីស្លង់ជាដើម បានរិះគន់ ក៏ដូចជាបង្ហាញផងដែរ ពីគោលជំហរមិនអាចទទួលយកបានចំពោះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ៕