(សេអ៊ូល)៖ អតីតអគ្គលេធិការ​នៃអង្គការសហប្រជាជាតិ​លោក បាន គីមូន ដែលបាន​វិលត្រឡប់មក​កាន់មាតុ​ប្រទេស​វិញកាល​ពីថ្ងៃទី១២ ខែមករា​កន្លងទៅ នៅថ្ងៃអង្គារនេះ​បានដាក់សំណើ​ឲ្យមានការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅមុខពេល​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែលត្រូវបាន​រំពឹងថា​នឹងប្រព្រឹត្ត​ទៅឆាប់រហ័ស​ជាងការ​គ្រោងទុក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួ នៅមុននេះ​បន្តិចនា​ល្ងាច​ថ្ងៃអង្គារ​ ទី៣១ ខែមករា ឆ្នាំ២០១៧។

លោក បាន គីមូន បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មានមួយ​ នៅឯការិយាល័យ​របស់លោកក្នុង​ទីក្រុងសេអ៊ូលថា រូបលោក​ជំរុញឲ្យ​មានការ​ត្រួតពិនិត្យ​មើលរដ្ឋធម្មនុញ្ញ​ឡើងវិញ នៅមុនការ​បោះឆ្នោត​ប្រារព្ធឡើង តាមរយៈ​ការបង្កើត​ក្រុមប្រឹក្សា​ពិសេសមួយ ដែលមាន​សមាសភាព​ចូលរួម​ពីអ្នកតំណាងនៃ​គណបក្ស​នយោបាយ​ទាំងអស់។

អតីតប្រមុខដឹកនាំកំពូលយូអិន​រូបនេះ​បានប្រាប់ក្រុម​អ្នកកាសែត​ថា​ រចនាសម្ព័ន្ធ​នៃការកាន់​កាប់អំណាច​សព្វថ្ងៃ​ដែល​ផ្តល់សិទ្ធិ​ឲ្យប្រធានាធិបតី​ប្រើប្រាស់​អំណាចដូច​អធិរាជនោះ គួរតែ​ត្រូវផ្លាស់ប្តូរ​ដោយការ​ធ្វើវិសោធនកម្ម​ទៅលើ​រដ្ឋធម្មនុញ្ញ ហើយ​លោកបានស្នើ​ឲ្យមានការលុបបំ​បាត់​ចោល​នូវអាណត្តិ​ប្រធានាធិ​បតី​រយៈពេលប្រាំឆ្នាំ​ដែលកាន់អំណាច​បានតែម្តងគត់។ លោក បាន គីមូន បាន​បន្ថែម​​ទៀត​ថា​​ប្រព័ន្ធ​អំណាច​ប្រធានាធិបតី​​បែប​វិមជ្ឈការ​គឺជាការចង់​បាន​របស់ប្រជាជន​កូរ៉េខាងត្បូង។

គួរបញ្ជាក់ថាការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅមុនការ​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​ត្រូវបានគេយល់​ឃើញថា គឺជារឿង​មួយ​ដែលសឹង​តែ​មិនអាច​ទៅរួចដោយ​សារ​តែកង្វះ​ពេលវេលា​គ្រប់គ្រាន់ ត្បិតអី​ការបោះឆ្នោត​ដើម្បីជ្រើសរើស​អ្នកមកជំនួស​តំណែង​លោកស្រី ផាក គឺនហេ ​ដែលត្រូវ​បានសភា​បោះឆ្នោត​ទម្លាក់ ត្រូវបាន​គេរំពឹងថា​នឹងប្រព្រឹត្ត​ទៅ​នៅចុងខែមេសា​ ឬមួយក៏​ក្នុង​ខែឧសភា បើសិន​ជាតុលាការរដ្ឋធម្មនុញ្ញ​​ កូរ៉េខាងត្បូងគាំទ្រ​ការសម្រេច​ចិត្ត​របស់សភា៕