(កាណាដា)៖ ​ប៉ូលិស​កាណាដាបានឱ្យដឹងថា ខ្មាន់កាំភ្លើងជានិស្សិត​មានដើមកំណើតបារាំង សញ្ជាតិ​កាណាដា​ម្នាក់ ត្រូវបានចោទ​ប្រកាន់ជាផ្លូវការ​ពីបទឃាតកម្ម​​ដោយចេតនា​លើមនុស្ស​០៦នាក់ បន្ទាប់​ពីនិស្សិត​រូបនេះ​បានបើកការ​បាញ់រះ​​ទៅលើក្រុមមនុស្សច្រើន​ជាង​៥០នាក់ ក្នុងព្រះវិហារ​អ្នកកាន់សាសនា​អ៊ីស្លាមមួយ​កន្លែង នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា កាលពីល្ងាច​ថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាម​ដកស្រង់​ព័ត៌មានពី​សារព័ត៌មាន BBC​ នៅរសៀល​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

សាក្សី​ដែលបានឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើង​មានគ្នា​បីនាក់ បានចូល​ទៅធ្វើការ​បាញ់រះ​នៅក្នុងព្រះវិហារ​អ៊ីស្លាមមួយក្នុ​ងទីក្រុងកេបិច នៅអំឡុងពេល​មនុស្សជា​ច្រើននាក់កំពុងថ្វាយ​បង្គំព្រះ។ ដោយឡែក​បើតាមប៉ូលិស​កាណាដា និស្សិតឈ្មោះ Alexandre Bissonnette មានអាយុ ២៧ឆ្នាំ បានបង្ហាញខ្លួន​នៅចំពោះមុខ​តុលាការនៅថ្ងៃចន្ទ ដោយរូបគេ ក៏ត្រូវបាន​តុលាការចោទ​ប្រកាន់ផងដែរ ពីបទប៉ុនប៉ងសម្លាប់​មនុស្ស​០៥នាក់​ផ្សេងទៀត​ដែលកំពុងស្ថិត​នៅក្នុងស្ថានភាព​របួសធ្ងន់ធ្ងរនៅ​ឯមន្ទីរពេទ្យស្រាប់ទៅហើយ។

គួរបញ្ជាក់ថា​បើតាមប្រភពពី​មិត្តរួមថ្នាក់ របស់ Alexandre Bissonnette និងបណ្ដាញ​ទំនាក់ទំនង​សង្គមមួយ​ចំនួន Alexandre គឺជាមនុស្សម្នាក់​ដែលជឿងប់ងល់ លើបេក្ខភាព​ប្រធានាធិបតី​បារំាង​ស្ដាំនិយម លោកស្រី ម៉ារីន ឡឺប៉ែន ព្រមទាំង​ចូលចិត្ត​ប្រធានាធិបតីអាមេរិក​បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ជាដើម៕