(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​បានបញ្ជាក់​ជំហរច្បាស់លាស់​រួមគ្នា​ថា ប្រព័ន្ធការពារ​គ្រាប់មីស៊ីល THAAD ដែលបាន​បង្កការរង្គាសចិត្ត​ខ្លាំងទាំង​ក្នុងស្រុក និងក្រៅស្រុកនោះ​នឹងត្រូវដាក់​ពង្រាយនៅ​កូរ៉េខាងត្បូង​ក្នុងឆ្នាំ២០១៧​នេះ ដើម្បីការពារ​ការគំរាមកំហែង​នានាពីសំណាក់​ប្រទេស​កូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយនៅ​មុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានយ៉ុនហាប់ នាព្រឹក​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ ហើយភាគីទាំងក៏បានសម្រេចចិត្តថា នឹងធ្វើការដាក់​ពង្រាយប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ទៅតាមផែនការដែលបាន​កំណត់គឺនៅចុងឆ្នាំ២០១៧ ខាងមុខនេះតែម្តង។ ភាគីទាំងពីរក៏បាន​ប្តេជ្ញាពង្រឹងកិច្ច​សហប្រតិបត្តិការ និងត្រៀម​ខ្លួន​ជានិច្ច​ដើម្បីទប់ទល់​នឹង​ ការឈ្លានពាននានា​ពីសំណាក់​កូរ៉េខាងជើង​ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៣០នាទីរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ កូរ៉េខាងត្បូង​ក៏បានលើកឡើងផងដែរ ពីការគំរាមរបស់កូរ៉េខាងជើង នៅអំឡុងថ្ងៃចូលឆ្នាំថ្មី ដោយទីក្រុងព្យុងយ៉ាងបាន​អះអាងថាខ្លួនមានគំរោងបាញ់​សាកល្បងគ្រាប់មីស៊ីល​នៅថ្ងៃចូលឆ្នាំនេះ​តែម្តង ក៏ប៉ុន្តែគេនៅ​ពុំទាន់ឃើញ​អ្វី​ដែលបាន​ប្រកាសនោះ​កើតឡើង​នៅឡើយទេ។ ប្រទេសជិត​ខាងដូច​ជាចិន និងរុស្ស៊ី​បានបង្ហាញ​ការជំទាស់​យ៉ាងដាច់ខាត​ទៅនឹងផែនការ​របស់អាមេរិក និងកូរ៉េខាងត្បូង ដោយចោទថា​វាជាប្រព័ន្ធឈ្លបយកការណ៍​សម្ងាត់​ពីមូលដ្ឋានយោធា​របស់ប្រទេសចិន ដែលមិន​មែណជាខែលការពារមីស៊ីល​ដូចអាមេរិកអះអាងនោះ​ឡើយ៕