(បាងកក)៖ ប្រទេសថៃ អាចនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត មកពីបណ្តាប្រទេសមជ្ឈិមបូព៌ា ដោយសារការហាម​ចូលទឹកដីសហរដ្ឋអាមេរិក របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចំពោះប្រជាជនដែលមកពីប្រទេសចំនួន០៧ ដែលកាន់សាសនាម៉ូស្លីម។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ។

អាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn​ បានប្រាប់ឲ្យដឹងថា «តំបន់មជ្ឈិមប្រទេស គឺជាទីផ្សារដ៏ធំមួយសម្រាប់ពួកយើង ជាពិសេស ទេសចរណ៍វិស័យវេជ្ជសាស្ត្រ, ពួកគេអាចជ្រើសរើស ​ធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃបន្ថែមទៀត ហើយទាំងនេះ វាក៏អាចបង្កើនវិស័យទេសចរណ៍របស់យើង បន្ថែមទៀតផងដែរ»

លោក Donald Trump បានប្រកាសការហាមឃាត់របស់លោក ដោយវាជាមធ្យោបាយមួយដើម្បីការពារសហរដ្ឋអាមេរិក ពីក្រុមឧទ្ទាមឥស្លាម ប៉ុន្តែវាទទួលការរិះគន់ពីបណ្តាមេដឹកនាំបរទេស ហើយមានការតវ៉ាដោយមនុស្សរាប់ម៉ឺននាក់ផងដែរ នៅបណ្តាទីក្រុងជាច្រើនក្នុងតំបន់អាហ្វ្រិក។

សូមជម្រាបថា មានត្រឹមតែជាង២ភាគរយប៉ុណ្ណោះ នៃភ្ញៀវទេសចររបស់ប្រទេសថៃ ដែលបានមកពីប្រទេសនៅតំបន់មជ្ឈិមបូព៌ា នៅក្នុងឆ្នាំ២០១៦ ប៉ុន្តែថៃបានរំពឹងថា នឹងមានការកើនឡើងដល់៨ភាគរយ នៅត្រីមាសដំបូងឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៦៕