(ឡូស អាន់ជែឡេស)៖ បាតុករជាង ២,០០០នាក់បានប្រមូលផ្តុំគ្នានៅព្រលានយន្តហោះទីក្រុង ឡូស អាន់ជេឡេស នៃរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងយ៉ាងក្តៅគគុកទៅនឹង​បទបញ្ជារបស់លោក ដូណាល់ ត្រាំ ឲ្យមានការផ្អាកលំហូរជនភៀសខ្លួនមកកាន់អាមេរិកជាបណ្តោះអាសន្ន និងការហាមប្រជាជនមកពីបណ្តាប្រទេសម៉ូស្លីមចំនួន ០៧ មិនឲ្យចូលទឹកដីអាមេរិក​រយៈពេល​ ៩០ថ្ងៃថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។

បាតុកម្មស្ទើរពាសពេញសហរដ្ឋអាមេរិក ជាពិសេសព្រលានយន្តហោះធំៗ ដូចជានៅកាលីហ្វរញ៉ា វ៉ាស៊ីនតោន និងញូយ៉កជាដើម បានកើតមានឡើងចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមក គឺចាប់តាំងពីបទបញ្ជារបស់​ លោក ដូណាល់ ត្រាំ ខាងលើនេះចេញមិនបានប៉ុន្មានម៉ោងផង។ បាតុករជាច្រើនបានសរសេរលើបដាខ្លីៗ ដើម្បីសម្តែងការប្រឆាំងនឹងបទបញ្ជាប្រធានាធិបតី ដូចជា «ទេ! យើងមិនព្រមទេ!» និងខ្លះទៀតបានសរសេរ​ថា «មិនត្រូវមានបម្រាមទេ!» ឬក៏ «យើងសូមប្រឆាំងដាច់ខាត» ជាដើម។

គួរបញ្ជាក់ថា បាតុករបាននាំគ្នាបិទផ្លូវចេញ-ចូលព្រលានយន្តហោះទីក្រុងឡូសអាន់ជែឡេស តាំងពីរសៀល​រហូតដល់យប់ថ្ងៃអាទិត្យ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ​បញ្ជាក់ថា​មានបាតុករត្រូវបានប៉ូលិសចាប់ខ្លួននោះឡើយ ព្រោះពួកគេបានធ្វើការតវ៉ាដោយសន្តិវិធី។

ទោះបីជាបែបនេះក្តី រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញជំហរមិនរួញរា​របស់ខ្លួន ក្នុងការអនុវត្តន៍នយោបាយហាមឃាត់ជនភៀសខ្លួនចូលមកក្នុង​ទឹកដីអាមេរិកជាបណ្តោះអាសន្ន បើទោះបីជាមានការជំទាស់ពីតុលាការសហព័ន្ធ និងការតវ៉ាដ៏កក្រើក​ពីក្រុមអ្នកប្រឆាំងនឹងនយោបាយរបស់លោកក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ឲ្យដឹងថា ការសម្រេចរបស់យើង​ស្តីអំពីទិដ្ឋាការ​នេះ គឺធ្វើឡើងសរុបតែមួយតែម្តង ដែលវាជានយោបាយ​រក្សាសុវត្ថិភាពបំផុត ប៉ុន្តែវាមិនមែនជាការហាមឃាត់ ឬរើសអើងជនម៉ូស្លីមនោះឡើយ។ គួរបញ្ជាក់ថា ការសម្រេចរបស់លោក ត្រាំ ដែលបានធ្វើឡើងតាំងពី​ថ្ងៃសុក្រ សប្តាហ៍មុននេះបានទទួលការរិះគុន និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង​របស់លោក ក៏ដូចក្រុមអ្នកការពារសិទ្ធិស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

គួររំលឹកបណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជន​ភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។

ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផង​​ឥឡូវនេះបានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេស​នានាដែលកកកុញនៅព្រលានយន្តហោះអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹង​បទបញ្ជាហាមឃាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពី​ប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ៕