(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបានធ្វើការពិភាក្សាគ្នាជាលើកដំបូងតាមទូរស័ព្ទនៅថ្ងៃសៅរ៍នោះ បានសម្រេចនូវសមិទ្ធិផល​ជាច្រើន ក្នុងនោះគឺការព្រមព្រៀងស្តារកិច្ចសហប្រតិបត្តិការនានា រវាងមហាអំណាចទាំងពីរឡើងវិញ និងធ្វើវាបានស៊ីជម្រៅផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ ដកស្រង់​សេចក្តីប្រកាស​ព័ត៌មានរបស់វិមានក្រឹមឡាំង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរបានសម្តែងចេញនូវ​ឆន្ទៈរៀងៗខ្លួន ក្នុងការរួមសហការគ្នាឲ្យបានសកម្មបំផុត ដើម្បីស្តារកិច្ចសហប្រតិបត្តិការនានា​រវាង​អាមេរិក-រុស្ស៊ីឡើងវិញ ដោយឈរលើមូលដ្ឋានស្ថាបនា ស្មើភាព និងផលប្រយោជន៍​​ឲ្យគ្នា​ទៅវិញ​ទៅ​មក ជាពិសេស​គឺ​ការរួមដៃគ្នាប្រយុទ្ធប្រឆាំង​នឹង​​ការ​គំរាមកំហែង​​របស់ភេរវករ​អន្តរជាតិ»។

គួរបញ្ជាក់ថាឆ្លើយតបទៅនឹងការចង់បានទំនាក់ទំនងល្អ ជាពិសេសគឺការដកទណ្ឌកម្មពីអាមេរិក​វិញ​នោះ លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា ការដកទណ្ឌកម្មពីប្រទេសរុស្ស៊ីមិនមែនជាបញ្ហាឡើយ​សម្រាប់អាមេរិក ប៉ុន្តែវាត្រូវការពេលវេលាដើម្បីតាមដានមើលសកម្មភាពរបស់រុស្ស៊ី ថាបានអនុវត្តន៍​ល្អកម្រិតណាក្នុងការសហការកម្ចាត់ក្រុមភេរវករអន្តរជាតិ ជាពិសេសពួក ISIS នៅក្នុងប្រទេសស៊ីរី។ បន្ថែមពីនេះទៀត ប្រមុខដឹកនាំទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនាក់​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ៕