(វ៉ាស៊ីនតោន)​៖ តុលាការសហព័ន្ធអាមេរិក បានសម្រេចផ្តល់នូវការស្នាក់នៅជាបណ្តោះអាសន្នមួយ​នៅថ្ងៃសៅរ ​ដែលអនុញ្ញាតឲ្យអ្នកដំណើរដែលមានទិដ្ឋាការ នៅសល់សុពលភាព អាចបន្តស្នាក់​នៅ​​​សហរដ្ឋអាមេរិក ដែលនេះជាការបន្ថយភាពចលាចល និងការចាប់ឃុំខ្លួន​មនុស្ស​មួយចំនួន បន្ទាប់ពី​ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ចេញបទបញ្ជា​ប្រតិបត្តិមួយ ដោយ​ហាមឃាត់​ប្រជាជនមកពី​ប្រទេសម៉ូស្លីមចំនួន០៧ ចូលមកកាន់ទឹកដីអាមេរិក។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។

សហភាពការពារសិទ្ធិជនស៊ីវិលអាមេរិកមួយដែលហៅកាត់ថា ACLU បានគណនាថា ការបង្ខំអនុវត្តន៍​បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សពី១០០នាក់ ទៅ២០០នាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងកន្លែងផ្ទេរដំណើរក្នុងព្រលានយន្តហោះមួយចំនួននៅសហរដ្ឋអាមេរិក ហើយគេនៅមិនទាន់ដឹងថា តើពួកគេនឹងត្រូវរង់ចាំដល់ពេលណានោះទេ។ ACLU និងក្រុមសកម្មជន​ដទៃៗទៀត បានរៀបចំបណ្តឹងតាមផ្លូវច្បាប់រួចទៅហើយ ដើម្បីតទល់នឹងបទបញ្ជារបស់លោក ត្រាំ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹង​នៅថ្ងៃសៅរ៍ថា អាជ្ញាធរកំពុងពិនិត្យមើលជុំវិញវិវាទខាងលើនេះ ដែលខ្លួនត្រូវតែអនុវត្តន៍តាមបទបញ្ជា ប៉ុន្តែប្រសិនបើមានបទបញ្ជាថ្មីទៀត យើងនឹងធ្វើការអនុវត្តន៍តាមភ្លាមៗដែរ។ មន្ត្រីរូបនេះបានបន្ត​ទៀតថាអ្នកដំណើរ ១០៩នាក់ត្រូវបានហាមឃាត់ទុកនៅព្រលានហោះ ដោយមិនឲ្យចូលក្នុង​សហរដ្ឋអាមេរិកនោះឡើយ នៅរយៈពេល ២៣ម៉ោងក្រោយការចេញបញ្ជាពីលោក ត្រាំ។

គួរបញ្ជាក់ថា បណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជន​ភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។

ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផង​​ឥឡូវនេះបានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេស​នានាដែលកកកុញនៅព្រលានយន្តហោះអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹង​បទបញ្ជាហាមឃាត់ជនភៀសខ្លួនចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពី​ប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន John F Kennedy នៃទីក្រុងញូយ៉ក ដើម្បីទាមទារ​ឲ្យអាជ្ញាធរដោះលែងជនភៀសខ្លួនចំនួន ១១នាក់ ដែលត្រូវបានចាប់បង្ខាំងទុកនៅទីនោះ។ ទោះបីជា​បែបនេះក្តីលោក ដូណាល់ ត្រាំ បានចេញមុខការងារចំណាត់ការរបស់លោកនៅថ្ងៃសៅរ៍ថា «វាមិនមែនជាបទបញ្ជាប្រតិបត្តិ ដែលសម្រាប់ហាមជាតិជនជាតិម៉ូស្លីមនោះឡើយ»។

លោក ត្រាំ បានថ្លែងជុំវិញបញ្ហាផ្ទុះឡើងនេះថា «អ្នកឃើញច្បាស់ហើយឬនៅ ថាវាដំណើរការ​មិនល្អនោះទេ! អ្នកឃើញបញ្ហានោះហើយ នៅព្រលានយន្តហោះ។ យើងកំពុងតែព្យាយាមអនុវត្តន៍​បម្រាមឲ្យបានតឹងរ៉ឹងបំផុត... វាគួរតែត្រូវបានអនុវត្តន៍ក្នុងប្រទេសរបស់យើងរាប់ឆ្នាំមកហើយ»៕