(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធេរ៉េសា ម៉ាយ បានថ្លែងថា ចក្រភពអង់គ្លេសមិនបាន​យល់ស្របចំពោះ «របៀបនៃការអនុវត្តន៍» របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បី​ទប់​ស្កាត់ជនភៀសខ្លួនចូលទៅក្នុងសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែលោកស្រីក៏មិនបានរិះគន់ ឬធ្វើការថ្កោលទោស​ជុំវិញបញ្ហា​ដ៏រសើបនេះដែរ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។

ប្រការខាងលើនេះហើយ ទើបលោកស្រី ម៉ាយ ត្រូវបានគេព្រួយបារម្ភថា នឹងអាចទទួលរងការរិះគន់​ខ្លាំងពីសំណាក់សមាជិកសភាអង់គ្លេស ចំពោះការដែលលោកស្រីមិនបានថ្កោលទោសនយោបាយ​ចាត់ការលើជនភៀសខ្លួនរបស់អាមេរិក រួមទាំងការហាមឃាត់ជាបណ្តោះអាសន្ននូវអ្នកដំណើរពី​ប្រទេសចំនួន ៧ (ប្រទេសម៉ូស្លីម) ដូចជាស៊ីរី ជាដើមនោះ។

ទោះបីជាបែបនេះក្តីលោកស្រី ម៉ាយ បានបញ្ជាក់ពីជំហររបស់ខ្លួនថា នយោបាយដោះស្រាយបញ្ហា​ជនអន្តោប្រវេសន៍ គឺជាសិទ្ធិអំណាចរបស់រដ្ឋាភិបាលអាមេរិក ហើយវាក៏ដូចនឹងអ្វីដែលរដ្ឋាភិបាលយើងកំពុងរៀបចំអនុវត្តន៍ផងដែរ។ ប៉ុន្តែអង់គ្លេសគិតគូរបំផុតទៅលើ​ការអនុវត្តន៍អ្វីៗ​ទៅតាមនីតិវិធី ដើម្បីកុំឲ្យមានការជះឥទ្ធិពល​លើផ្នែកច្បាប់៕