(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចេញបម្រាមហាមឃាត់​ជនភៀសខ្លួនចូលមកាន់សហរដ្ឋអាមេរិកចំនួន០៤ខែ និងផ្អាកជាបណ្តោះអាសន្ននូវអ្នកដំណើរ ឬទេសចរមកពីបណ្តាប្រទេសម៉ូស្លីមចំនួន០៧ ដូចជា ស៊ីរី, អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយ៉េមែន ដែលមានរយៈពេល៩០ថ្ងៃ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

លោក ត្រាំ បានថ្លែងនាឱកាសរៀបចំកិច្ចប្រជុំមួយក្នុងមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិ) នៃរដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃសុក្រដូច្នេះថា «ខ្ញុំកំពុងបង្កើតនូវដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ពួកភេរវកររ៉ាឌីកាល់អ៊ីស្លាម មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។ យើងមិនចង់ឲ្យ​ពួកគេនៅទីនេះទេ។ យើងអនុញ្ញាតឲ្យតែអ្នកដែលគាំទ្រប្រទេសយើង និងស្រឡាញ់ប្រជាជនយើង​យ៉ាងជ្រាលជ្រៅប៉ុណ្ណោះ ដែលអាចចូលសហរដ្ឋអាមេរិកបាន»។

គួរបញ្ជាក់ថា ការអនុវត្តន៍របស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានអ្នកវិភាគព្រមានថា នឹងទទួលរងការរិះគន់ពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ដោយពួកគេនឹងលើកយកហេតុផល​នៃការរើសអើងមនុស្សជាតិ តាមរយៈការទុកឲ្យជនភៀសខ្លួនរស់នៅកន្លែងដ៏គ្រោះថ្នាក់ ហើយនឹងធ្វើឲ្យ​អាមេរិកកែប្រែឈ្មោះពីទីកន្លែង ដែលធ្លាប់តែស្វាគមន៍ដល់ជនចំណូលថ្មី​ពីទូទាំង​ពិភពលោកជាក់ជាមិនខាន៕