(វ៉ាស៊ីនតោន)៖ ផ្កាយរណបមួយបានផ្អិតយករូបភាព ទៅលើតំបន់រោងចក្រមួយរបស់កូរ៉េខាងជើង ដែលត្រូវបានប្រើប្រាស់ ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម (plutonium) ដែលជាសារធាតុគីមីដ៏មាន​ឥទ្ធិពលសម្រាប់ផ្សំជាអាវុធនុយក្លេអ៊ែរ។ នេះបើតាមរបាយការណ៍ពីភ្នាក់ងារតាមដានសម្ងាត់​អាមេរិក ដកស្រង់ដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

កម្មវិធីតាមដានសកម្មភាពកូរ៉េខាងជើងរបស់ Washington's 38 បានធ្វើការថតរូបភាព​ខាងលើនេះ តាំងតែពីថ្ងៃទី១៨ ខែមករាមកម្ល៉េះ ហើយរហូតមកដល់ចុងខែមករា នេះទើបគេអាច​សន្និដ្ឋានបានថា កូរ៉េខាងជើងបាននិងកំពុងរៀបចំដាក់ឲ្យដំណើរការឡើងវិញ នូវរោងចក្រនុយក្លេអ៊ែរ យ៉ុងប្យុង ដើម្បីធ្វើការចម្រាញ់សារធាតុភ្លុយតូញ៉ូម យកទៅផលិតអាវុធនុយក្លេអ៊ែរ។

ទោះបីជាបែបនេះក្តី តាមរយៈរូបភាពព្រាលៗបែបនេះ គេមិនអាចធ្វើការកំណត់បានទេថា តើកម្រិតនៃ​រោងចក្រខាងលើនេះខ្លាំងប៉ុណ្ណា ហើយបើវាពិតជាមានដំណើរការដូចការដែលបាន​បង្ហាញមែន​នោះ អង្គការសហប្រជាជាតិ ដែលទើបតែជ្រើសតាំង​អគ្គលេខាធិការថ្មី ក៏នឹងអាច​ចាត់វិធានការ​ជុំវិញការល្មើសបម្រាមអន្តរជាតិ​ ពីសំណាក់កូរ៉េខាងជើងម្តងហើយម្តងទៀត ​ខាងលើនេះនេះដែរ៕