(វ៉ាស៊ីនតោន)៖ អ្វីៗជាច្រើនដែលលោក ដូណាល់ ត្រាំ បានត្រៀមទុកតាំងតែពីបានឈ្នះឆ្នោតនោះ វាត្រូវបានចុះហត្ថលេខាដាក់ឲ្យប្រតិបត្តិជាបន្តបន្ទាប់ ក្នុងនោះវិស័យយោធាអាមេរិកក៏កំពុងឈាន​ទៅរកការបង្កើនឥទ្ធិពលជាថ្មីផងដែរ ដោយតាមរយៈរដ្ឋបាលថ្មីបានអះអាងថា​នឹងធ្វើការ «កសាងឥទ្ធិពល​យោធា​​ឡើងវិញដ៏អស្ចារ្យ» រួមមានការសន្យាផ្តល់យន្តហោះចម្បាំងថ្មីៗទំនើបៗ ព្រមជាមួយនឹងនាវាចម្បាំង និងធនធានបន្ថែមសម្រាប់វិស័យយោធា។ នេះបើតាមការដកស្រង់​ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងពិធីមួយដែលបានរៀបចំឡើង នៅមន្ទីរបញ្ចកោណនា​ថ្ងៃសុក្រថា «ឥទ្ធិពលយោធារបស់យើង គឺគ្មាននរណាសង្ស័យស្រាប់​ទៅហើយ ប៉ុន្តែវាត្រូវតែ​​ស្របទៅ​តាមគោលដៅ​​ស្វែងរកសន្តិភាព​របស់យើង។ យើងពិតជាចង់បាន​ណាស់នូវសន្តិភាព»។ លោក ត្រាំ ក៏បានរំពឹងផងដែរថាសភា នឹងធ្វើការកំណត់ការចំណាយសម្រាប់​រដ្ឋាភិបាល ហើយអាមេរិកនឹងរីករាយបំផុតក្នុងការឃើញ «ការស្នើសុំថវិកាបន្ថែមថ្មី ពីសំណាក់សេតវិមានចំពោះវិស័យយោធា» ត្រូវបានសម្រេច៕